(ភ្នំពេញ)៖ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជា នឹងជួបចរចាជាមួយនឹងសហគមអឺរ៉ុប ដើម្បីស្នើឲ្យដកពាក្យបណ្ដឹង ពាក់ព័ន្ធលើការយកពន្ធលើកអង្ករកម្ពុជា។

លោក សុង សារ៉ន ថ្លែងឲ្យដឹងថា «ខ្ញុំនឹងបន្ដការងារនេះបន្ទាប់ពីឯកឧត្តម សុខ ពុទ្ធិវុធ ចំពោះរឿងគិតពន្ធស្រូវអង្ករកម្ពុជា។ លើសពីនេះសហព័ន្ធ នឹងធ្វើការចចាច្រើន និងមានជំនឿថាការចរចាទាំងទ្វេភាគី, ពហុភាគី និងការប្រជុំជជែកចម្រុះភាគី គឺផ្ដល់ប្រយោជន៍ ដល់ភាគីទាំងអស់»។

លោកបញ្ជាក់ថា លោកពិតជាសោកស្ដាយ ចំពោះការដាក់ពន្ធលើអង្ករកម្ពុជា នេះមិនយុតិ្តធម៌សម្រាប់កម្ពុជា ដោយភាគច្រើនកម្ពុជា នាំតែអង្ករក្រអូបប៉ុណ្ណោះទៅទីផ្សារអឺរ៉ុប ដែលនៅអឺរ៉ុប មិនមានការដាំដុះអង្ករក្រអូបប្រភេទនេះឡើយ។ សហព័ន្ធត្រៀមខ្លួនក្នុងការជជែកចរចាជាមួយនឹងសហគមន៍អឺរ៉ុប, សមាគមកសិកររបស់អ៊ីតាលី, សហព័ន្ធស្រូវអង្កររបស់អឺរ៉ុប ដើម្បីស្វែងរកចំណុចផ្ដល់ប្រយោជន៍ទាំងសមខាង។

លោកក៏បានបង្ហាញភាពជឿជាក់ថា «ខ្ញុំជឿជាក់ថា សហគមន៍អឺរ៉ុបក៏ដូចជា រោងម៉ាស៊ីនកិនស្រូវ សហគមន៍អឺរ៉ុប, កសិករអឺរ៉ុប មិនចង់ឲ្យរោងម៉ាស៊ីនកិនស្រូវ និងកសិករកម្ពុជាស្លាប់នោះទេ។ ដូច្នេះខ្ញុំនៅតែមានជំនឿថា ការជជែកជាមួយគាត់ ដើម្បីឲ្យគាត់ដកពាក្យបណ្ដឹងនឹងទទួលបានផល អីចឹងបានជាយើង ត្រូវជួបពិភាក្សាជាមួយ អ្នកដែលប្ដឹងដោយក្នុងនោះ សហព័ន្ធនឹងណាត់ជួបគាត់ ក្នុងខែតុលា ឆ្នាំ២០១៩ខាងមុខនេះ»

លោកបន្ថែមថា សហព័ន្ធនឹងខិតខំប្រឹងប្រែងជជែកចរចាជាមួយនឹងអឺរ៉ុបឲ្យអស់លទ្ធភាព យើងនៅតែមានជំនឿថា យ៉ាងហោចណាស់សហព័ន្ធនឹងជួប ជាមួយសហគមន៍អឺរ៉ុបកុំឲ្យបន្ដទៀត»។

គួររំលឹកថា អឺរ៉ុបបានចាប់ផ្តើមគិតពន្ធលើការនាំចូលអង្កររបស់កម្ពុជា ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩មក ដែលមានរយៈពេល៣ឆ្នាំ ដែលឆ្នាំទី១ តម្លៃពន្ធ១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃពន្ធ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃពន្ធ១២៥អឺរ៉ូ (ប្រហែល១៤០ដុល្លារ) ក្នុង១តោន៕