(កោះកុង)៖ ឧត្តមសេនីយ៍ទោ សំ ឃិតវៀន ស្នងការនគរបាលបាលខេត្តកោះកុង បានថ្លែងថា ប្រទេសកម្ពុជាកំពុងមានសន្តិភាពពេញលេញ ដោយសារមាន សម្តេចតេជោ ហ៊ុន សែន មិនមែនដោយសារជនក្បត់ជាតិ សម រង្ស៉ី នោះទេ តែផ្ទុយទៅវិញ ទណ្ឌិត សម រង្ស៉ី បាននិងកំពុងព្យាយាមទាញទម្លាក់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ឱ្យធ្លាក់ចូលក្នុងមហាគ្រោះថ្នាក់គ្រោះ មហន្តរាយ អសន្តិសុខ អសន្តិភាព និងភាពវឹកវរ ដូចទសវត្សឆ្នាំ១៩៧០ ហើយ។

លោកឧត្តមសេនីយ៍ទោបានថ្លែងយ៉ាងដូចនេះ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ ដោយមានការចូលរួមពីកម្លាំងនគរបាលគ្រប់បណ្តាស្រុក និងតាមមូលដ្ឋានជាច្រើននាក់ផងដែរ។

ឧត្តមសេនីយ៍ទោ សំ ឃិតវៀន បានថ្លែងថា ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន មានធនធានមនុស្ស ដោយសារក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះកម្លាំងនគរបាលជាតិទាំងអស់ ត្រូវជឿជាក់ទៅលើសម្តេចតេជោ ហ៊ុន សែន ព្រោះជានិច្ចកាលសម្តេចតែងតែរកសុខសន្តិភាពជូនជាតិជូនប្រជាជនទូទាំងប្រទេស។

លោកបន្តថា យើងទាំងអស់គ្នា ដាច់ខាតមិនត្រូវជឿលើជនអគតិទណ្ឌិត សម រង្ស៉ី ជនក្បត់ជាតិ ដែលហ៊ានប្រមាថជាតិសាសន៍ឯង ព្រមទាំងហ៊ានប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរថែមទៀតផង ដែលទង្វើនេះ បានបង្ហាញពីការក្បត់ជាតិពេញទីតត្រកូលទៀតផង។ ទណ្ឌិតសម រង្ស៉ី នេះ បាននិងកំពុងព្យាយាមទាញទម្លាក់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ឱ្យធ្លាក់ចូលក្នុងមហាគ្រោះថ្នាក់ គ្រោះមហន្តរាយ អសន្តិសុខ អសន្តិភាព និងធ្លាក់ចូលក្នុងភាពវឹកវរ ដូចទស្សវត្សឆ្នាំ១៩៧០។

ស្នងការនគរបាលខេត្តកោះកុង បានថ្លែងបន្តថា ជនក្បត់ជាតិទណ្ឌិត សម រង្ស៉ី មានផែនការណ៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកំពុងរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប៉ុណ្ណោះទេ ពេលនេះទណ្ឌិត សម រង្ស៉ី កំពុងវិវត្តន៍ខ្លួនក្លាយទៅជាមេភេរវករហើយ ព្រោះតាមរយៈការលើកឡើងរបស់ទណ្ឌិតរូបនេះថា នឹងកៀរគរលុយដើម្បីឱ្យទ័ពផ្តាច់ខ្លួន ហើយបង្វែរចុងកាណុងដាក់រាជរដ្ឋាភិបាលវិញ។

លោកបានបញ្ជាក់ថា កម្លាំងនគរបាលជាតិបានប្តេជ្ញាការពារព្រះរាជបល្ល័ង្កឱ្យបានគង់វង្ស ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីបេះដូងប្រជារាស្រ្តខ្មែរ ហើយកម្លាំងនគរជាតិត្រៀមលក្ខណៈរួចជាស្រេច ដើម្បីកម្ចាត់ជនក្បត់ជាតិទណ្ឌិត សម រង្ស៉ី ជានិច្ច ទោះបីជាស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ មិនឱ្យជនក្បត់ជាតិមកបំផ្លាញសុខសន្តិភាពរបស់ប្រទេសកម្ពុជាបានឡើយ ហើយកម្លាំងនគរបាលជាតិខេត្តកោះកុងត្រៀមខ្លួនរួចរាល់ជាស្រេចហើយ ដើម្បីចាប់ខ្លួនជនក្បត់ជាតិទណ្ឌិត សម រង្ស៉ី ឱ្យខានតែបាន តាមដីការបស់តុលាការ ប្រសិនបើឃើញមានវត្តមាននៅដែនគោក ឬដែនទឹកក្នុងទឹកដីខេត្តកោះកុង៕