(ភ្នំពេញ)៖ ជាថ្មីម្តងទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានរំដោះប្រទេសចេញពីភ្នក់ភ្លើងសង្គ្រាម និងបញ្ចប់សង្គ្រាមដោយជោគជ័យ ក្រោមនយោបាយឈ្នះឈ្នះ បានរំលេចនូវគុណតម្លៃនៃសន្តិភាព និងស្ថិរភាពពេញផ្ទៃប្រទេស ដែលផ្តល់ឱកាសឲ្យបងប្អូនជនរួមជាតិ អាចធ្វើបុណ្យតូចធំ ដោយងាយស្រួល និងមិនមានការភ័យខ្លាច។

ជាក់ស្តែងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលបងប្អូនខ្មែរ កំពុងប្រារព្ធនៅពេលនេះ ដែលមកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ឈានដល់បិណ្ឌទី១១ហើយ។

ក្រៅពីរំលេចនូវកត្តាសន្តិភាពហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook សម្តេចបានជូនពរបងប្អូនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សូមទទួលបាននូវបុណ្យកុសល និងជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន។

សម្តេចក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងសូមឲ្យបងប្អូនបើកបរតាមដងវិថី សូមយោគយល់អធ្យាស្រ័យខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អនុមោទនាបុណ្យកាន់បិណ្ឌ ថ្ងៃទី១១! នៅក្នុងថ្ងៃកាន់បិណ្ឌទី១១នេះ សូមបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទូទាំងប្រទេស ទទួលបាននូវបុណ្យកុសល និងជួបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពរ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។ ដោយសារសន្តិភាព និងស្ថិរភាពពេញលេញ ទើបយើងមានឱកាសប្រារព្ធពិធីបុណ្យតូចធំ នៅក្នុងប្រទេសជាតិបាន។

សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ និងទេសចរណ៍ឲ្យបានចូលរួម ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នៅគ្រប់ទីកន្លែងទូទាំងប្រទេស ។

សូមបងប្អូនប្រជាពលរដ្ឋ បើកបរដោយមានការយោគយល់អធ្យាស្រ័យខ្ពស់ និងគោរពច្បាប់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា ជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ»។

សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៩នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៩៕