(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា ពិព័រណ៍ចិន-អាស៊ានលើកទី១៦ គឺជាកម្លាំងជំរុញបន្ថែមមួយ សម្រាប់វិស័យសាធារណៈ វិស័យឯកជនរបស់ប្រទេសចិន និងបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីជួបប្រជុំ និងផ្លាស់ប្តូរទស្សនៈ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងបរិបទ នៃនិម្មាបនិកកម្មតំបន់និងពិភពលោក។ ពិព័រណ៍នេះ បានជំរុញការប្រកួតប្រជែងធុរកិច្ច របស់ភាគីទាំងពីរប្រកបដោយប្រសិទ្ធភាព ដែលជំរុញដល់ការបង្កើននៃពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមកជាប់ជាប្រចាំ។

ការបញ្ជាក់បែបនេះ របស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញថ្លែងសន្ទរកថា បើក «ពិព័រណ៍ចិន-អាស៊ានលើកទី១៦ ឆ្នាំ២០១៩» ក្រោមមូលបទ «ការកសាងខ្សែក្រវាត់និងផ្លូវ ដើម្បីសម្រេចចក្ខុវិស័យសម្រាប់សហគមន៍វាសនារួម»
នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩។

ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ពិព័រណ៍ចិន-អាស៊ានបានចាប់ផ្តើមតាំងពីឆ្នាំ២០០៤ នៅទីក្រុងណាននីង ១៦ឆ្នាំមកនេះ បានក្លាយទៅជាវេទិកា ដ៏សំខាន់ណាស់មួយ សម្រាប់ការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងអាស៊ាននិងចិន។ បន្ថែមពីនេះ មូលបទ «ការកសាងខ្សែក្រវាត់ និងផ្លូវ ដើម្បីសម្រេចចក្ខុវិស័យសម្រាប់សហគមន៍វាសនារួម» នៃពិព័រណ៍ចិន-អាស៊ានលើកទី១៦នេះ ត្រូវចំតាមកាលៈទេសៈណាស់ ក្នុងការបន្តពង្រឹងភាពដៃគូជាយុទ្ធសាស្ត្ររវាងអាស៊ាន និងចិនក៏ដូចជាការជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់ឱ្យកាន់តែរឹងមាំថែមទៀត។

អតីតប្រមុខការទូតជើងចាស់កម្ពុជារូបនេះ បានរំលឹកថា កាលពី ៦ឆ្នាំមុន នៅឆ្នាំ២០១៣ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ត្រូវបានប្រកាសដោយលោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការគាំទ្រពីជាង១៥០ប្រទេស និងអង្គការអន្តរជាតិនានា បានផ្តល់នូវកាលានុវត្តភាពថ្មីៗជាច្រើន ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក្នុងចំណោមបណ្តាប្រទេស នៅតាមខ្សែក្រវាត់ និងផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ការសម្របសម្រួលកាន់តែល្អប្រសើរ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្ថែមថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គឺជាចលករថ្មីមួយសម្រាប់ការធ្វើសមាហរណកម្មអន្តរតំបន់ និងកាលានុវត្តភាពអភិវឌ្ឍន៍ ដែលមានឥទ្ធិពលជំរុញការបើកចំហសេដ្ឋកិច្ច ការតភ្ជាប់តំបន់ និងពិភពលោក ដូចជាហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ដើម្បីបង្កើនចន្លោះសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យកាន់តែធំទូលាយថែមទៀត។ BRI គឺចាំបាច់បំផុតដើម្បីធ្វើឱ្យប្រសើរឡើង នូវការអភិវឌ្ឍសេដ្ឋកិច្ចសម័យទំនើប និងការចែករំលែកវប្បធម៌រវាងប្រជាជាតិពីអាស៊ីដល់អឺរ៉ុបនិងអាហ្វ្រិក។ លោកជឿជាក់ថា BRI មិនត្រឹមតែជាគ្រោងការណ៍សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ុណ្ណោះទេ ន្តែក៏ជាមធ្យោបាយមួយសម្រាប់ការកសាងសន្តិភាព រវាងបណ្តាប្រជាជាតិទាំងអស់ផងដែរ។

តួយ៉ាងបច្ចប្បន្ននេះ ទំហំពាណិជ្ជកម្មរវាងសហគមន៍អាស៊ាន និងចិនមានចំនួនជិត ៦០០ប៊ីលានដុល្លារ នៅឆ្នាំ២០១៨ ដែលធ្វើឱ្យអាស៊ាន ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី២ នៃពិភពលោករបស់ចិន។ ការវិនិយោគទៅវិញទៅមកដែលចេះតែកើនឡើង ក៏បានកើនឡើងជាលំដាប់ រហូតដល់ចំនួនជាង ២០០ប៊ីលានដុល្លារ នៅឆ្នាំ២០១៨។ ដូច្នេះ រំពឹងទុកយ៉ាងមុតមាំថា អាស៊ាន និងចិន នឹងសម្រេចបានគោលដៅមួយទ្រីលាន សម្រាប់ពាណិជ្ជកម្ម និង៥០០ប៊ីលាន សម្រាប់ការវិនិយោគ នៅអំឡុងឆ្នាំ២០២០។ ដោយជាដៃគូសន្ទនាសំខាន់បំផុតមួយរបស់អាស៊ាន ចិន និងអាស៊ាន ដែលជាដៃគូយុទ្ធសាស្ត្រ ជាមួយនឹងផ្លូវវសូត្រសមុទ្រសតវត្សរ៍ទី២១ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងអាស៊ាន និងចិនកាន់តែស៊ីជម្រៅថែមទៀតជាមួយនឹងទស្សនៈដើម្បីកសាង «សហគមន៍វាសនារួម»។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់បន្ថែមទៀតថា តាំងពីចាប់ផ្តើមដំបូង កម្ពុជាបានគាំទ្រយ៉ាងសកម្មនូវ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា។ ជាមួយនឹងការសាងសង់អាកាសយានដ្ឋានសៀមរាបថ្មី នាពេលបច្ចុប្បន្ននេះ ដើម្បីឆ្លើយតបទៅនឹងកំណើន នៃអ្នកទេសចរណ៍ នៅក្នុងខេត្តវប្បធម៌នៃប្រទេសកម្ពុជា ផ្លូវល្បឿនលឿនភ្នំពេញ-កំពង់ផែ ខេត្តព្រះសីហនុ និងការអភិវឌ្ឍយ៉ាងទូលំទូលាយនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតក្នុងចំណោមគម្រោងអភិវឌ្ឍន៍នៃខ្សែក្រវាត់និងផ្លូវ លេចធ្លោជាងគេបំផុតនៅកម្ពុជា។

ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់ជ្រុងជ្រោយក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកដោយស្មើភាព ចំពោះអធិបតេយ្យភាព ឯករាជ្យភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ កម្ពុជានិងចិនបានចុះហត្ថលេខាលើ «ផែនការសកម្មភាពរវាងកម្ពុជា និងចិន ដើម្បីបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន» សម្រាប់រយៈពេល៥ឆ្នាំ (២០១៩-២០២៣) ក្នុងឱកាស «វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២» កាលពីខែមេសា ឆ្នាំនេះ។ ផែនការសកម្មភាពនេះនឹងបន្តលើកកំពស់កម្រិត នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិនបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ប្រកបដោយនិរន្តរភាពថែមទៀត ដល់ប្រជាជនទាំងពីរ, ហើយនឹងឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្តរភាពខ្ពស់, ព្រមទាំងនឹងរួមចំណែកដល់សន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់។

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនបានឈានដល់ជិត ៧ប៊ីលានដុល្លារ ក្នុងឆ្នាំ២០១៨។ ប្រទេសចិនឈរលំដាប់ទី១ ក្នុងការវិនិយោគផ្ទាល់ ពីបរទេសនៅកម្ពុជា ដោយមានចំនួនជាង ៣,៦ប៊ីលានដុល្លារ ក្នុងឆ្នាំ២០១៨។ នៅក្នុងឆ្នាំដដែល ភ្ញៀវទេសចរចិន មកកម្ពុជា មានចំនួនកើកដល់ជាង ២លាននាក់ ហើយយើងរំពឹងថានៅឆ្នាំ២០២០ ចំនួនភ្ញៀវទេសចរចិននឹងកើនឡើងដល់ ៣លាននាក់។ លោកជឿជាក់ថា នៅឆ្នាំខាងមុខការផ្លាស់ប្តូរទៅវិញទៅមក និងកិច្ចសហប្រតិបតិ្តការប្រកបដោយបរិយាប័ន្នរវាងកម្ពុជា និងចិននឹងត្រូវបានអភិវឌ្ឍបន្ថែមទៀត៕