(ភ្នំពេញ)៖ អគារពាណិជ្ជកម្ម RIELLIONAIRE TOWER របស់ក្រុមហ៊ុន Riellionaire គ្រុប ដែលគ្រោងនឹងសាង់សង់នៅលើផ្ទៃដីប្រមាណ ១ម៉ឺនម៉ែត្រការេ មានកម្ពស់១៤ជាន់ ដែលគ្រោងនឹងចំណាយទឹកប្រាក់សាងសង់ប្រមាណ ៤លានដុល្លារសហរដ្ឋអាមេរិក ស្ថិតនៅក្នុងតំបន់គំរោងទីក្រុងរណប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ពិធីសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការ សាកសង់អគារពាណិជ្ជកម្មនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយគ្រោងនឹងបញ្ជប់ការសាងសង់ នៅពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ។

លោក គុយ ប៉ាន់ឆ័យ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Riellionaire ជាម្ចាស់គម្រោងអគារពាណិជ្ជកម្ម RIELLIONAIRE TOWER បានឱ្យដឹងថា តំបន់ទីក្រុងរណបជ្រោយចង្វារ បាននិងកំពុងទាក់ទាញអ្នកវិនិយោគជាច្រើន ដើម្បីមកបណ្ដាក់ទុនវិនិយោគ ជាពិសេសទៅលើគម្រោងអគារពាណិជ្ជកម្ម ដែលកំពុងមានសក្ដានុពលខ្លាំងនៅតំបន់នេះ ដោយទីក្រុងរណបជ្រោយចង្វារនៅមិនឆ្ងាយប៉ុន្មាន ពីចំណុចកណ្ដាលនៃរាជធានីភ្នំពេញ ហើយជ្រោយចង្វារ ក៏បាននិងកំពុងទាក់ទាញខ្លាំងទៅលើការអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និងលំនៅឋានផងដែរ។

លោក គុយ ប៉ាន់ឆ័យ បានបន្តថា នៅតំបន់ជ្រោយចង្វារក៏មានអគាររដ្ឋជាច្រើនផងដែរ កំពុងសាងសង់និងអាចដំណើរការនៅក្នុងតំបន់នេះ ជាក់ស្ដែងប៉ុន្មានថ្ងៃមុននេះ គម្រោងអគារពន្ធដារថ្មី ក៏បានបុកគ្រឹះសាងសង់ ហើយនឹងអាចដំណើរការឆាប់ៗខាងមុខនេះដែរ។ ក្រៅពីនេះក៏មានអគាររដ្ឋបាលរបស់រាជរដ្ឋាភិបាលជាច្រើនទៀត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏មានទីតាំងនៅក្នុងតំបន់ទីក្រុងរណបជ្រោយចង្វារនេះដែរ ដូចនេះហើយក្នុងនាមជាអ្នកវិនិយោគមួយរូប លោកជឿជាក់ថា នឹងអាចទាក់ទាញឱ្យវិនិយោគិនដទៃទៀត មកកាន់តំបន់នេះដើម្បីបណ្ដាក់ទុន ក៏ដូចជាទីតាំងសម្រាប់ជាកន្លែងការងាររបស់ពួកគេផងដែរ។

លោកបានបន្ថែមថា ក្នុងនាមជាអ្នកវិនិយោគខ្មែរមួយរូប លោកនឹងជំរុញឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគិនបរទេស និងធ្វើឱ្យតំបន់ជ្រោយចង្វារកាន់តែទំនើប សម្រាប់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់មួយនេះ និងប្ដេជ្ញាពីការផ្គត់ផ្គង់អគារការិយាល័យជូនដល់អ្នកវិនិយោគ ដើម្បីឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន នេះ ជាក់ស្តែងតម្រូវការការិយាល័យសម្រាប់ជួលនៅពេលបច្ចុប្បន្ន ឃើញថានៅតែមានខ្ពស់ ដោយសារតែអ្នកវិនិយោគកាន់តែច្រើនមកកម្ពុជា ដូច្នេះពួកគេត្រូវការការិយាល័យសម្រាប់ជួលក៏កាន់តែច្រើនដែរ ជាពិសេសអគារិយាល័យកម្រិត A ខណៈភាគច្រើនផ្គត់ផ្គង់ទៅលើអគារកម្រិត C តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា តំបន់ជ្រោយចង្វារត្រូវបានទទួលសិទ្ធិអភិវឌ្ឍន៍ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ( OCIC ) ហើយគម្រោងមួយចំនួន នៅក្នុងទីក្រុងរណបមួយនេះ ចាប់ផ្ដើមសាងសង់ជាបន្តបន្ទាប់ ក្នុងនោះដែរក្រុមហ៊ុនបានចាប់ផ្ដើមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមដំណាក់កាលជាច្រើនផងដែរ៕