(កណ្តាល)៖ ការរៀបចំពិធីបុណ្យអុំទូក នៅខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៩ ត្រូវបានប្រជុំពិភាក្សាគ្នាឡើង ដើម្បីរៀបចំឲ្យត្រូវស្ដង់ដារ ដើម្បីញ៉ាំងកម្មវិធីឲ្យកាន់តែអធិកអធមឡើង ខណៈគម្រោងនេះ ត្រូវបានដាក់ចេញឡើងក្រោមកិច្ចប្រជុំមួយ រវាងអភិបាលខេត្តកណ្តាល ជាមួយស្ថាប័នមន្ទីរ និងអាជ្ញាធរស្រុក ក្រុងទូទាំងខេត្តនៅសាលប្រជុំ សាលាខេត្តកណ្ដាល។

ក្រោយពីបានប្រជុំពិភាក្សារួមមក ក៏បានកំណត់យកថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្ដោយទន្លេបាសាក់ ស្ថិតនៅក្នុងក្រុងតាខ្មៅ។

លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានណែនាំឲ្យគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ចំពោះតួនាទី និងភារកិច្ច ដែលបានចាត់តាំងឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។ នៅក្នុងសេចក្តីសម្រេចនោះដែរ បានណែនាំឲ្យបណ្តាស្រុកក្រុង បង្កើតគណៈកម្មការ អនុគណៈកម្មការ ចាត់តាំងរៀបចំប្រណាំងទូក មានសមាសភាព ប្រហាក់ប្រហែលដូចថ្នាក់ខេត្តដែរ។

គួរបញ្ជាក់ថា សេចក្តីសម្រេចបង្កើតគណៈកម្មការ រដ្ឋបាលខេត្តក៏បានរៀបចំ អនុគណៈកម្មការចំនួន៨ ជាជំនួយការរួមមាន៖ អនុគណៈកម្មការការពារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម, អនុគណៈកម្មការបច្ចេកទេស, អនុគណៈកម្មការហិរញ្ញវត្ថុ និងជីវភាព, អនុគណៈកម្មការគ្រប់គ្រងទូក កន្លែងស្នាក់នៅកីឡាករ និងអានាម័យ អនុគណៈកម្មការវប្បធម៌ សិល្បៈ ព័ត៌មានសោតទស្សន៍ និងរៀបចំប្រទីប, អនុគណៈកម្មការ រៀបចំបណ្តាញអគ្គិសនី, អនុគណៈកម្មការ រៀបចំស្តង់លក់ផលិតផល និងអនុគណៈកម្មការសុខភាព៕