(ភ្នំពេញ)៖ ផែនការនាំចេញអង្ករឲ្យបាន១លានតោន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់យកនៅឆ្នាំ២០១៥ ដើម្បីសម្រេចឲ្យបាន។ ប៉ុន្តែផែនការនេះមិនទាន់ជោគជ័យទេ ដោយសារបញ្ហារាំងស្ទះមួយចំនួន។

បើទោះបីមិនសម្រេចតាមផែនការក្តី វិស័យស្រូវអង្កររបស់កម្ពុជា បានរីកចម្រើនយ៉ាងខ្លាំង ទាំងការនាំចេញ និងផលិតកម្មស្រូវ។ ការនាំចេញមានកំណើនជាលំដាប់ ដែលកើនដល់ជាង៦០ម៉ឺនតោន នៅឆ្នាំ២០១៨កន្លងទៅ ខណៈដែលឆ្នាំ២០១៩នេះរំពឹងថានឹងមានកំណើនបន្តទៀត ទោះបីកម្ពុជាជួបបញ្ហារាំងស្ងួតក្តី។

ពាក់ព័ន្ធនឹងការនាំចេញអង្ករសម្រេចឲ្យបាន១លានតោននេះ ប្រធានថ្មីនៃសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន បានចេញមកអះអាងថា កម្ពុជានឹងសម្រេចឲ្យបានតាមផែន១លានតោន ដោយប្រើរយៈពេល៣ឆ្នាំ ដោយក្នុងនោះសហព័ន្ធស្រូវអង្ករ បានដាក់ចេញនូវគោលការណ៍មួយចំនួន។

ថ្លែងក្នុងកិច្ចសម្ភាសន៍ «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News លោក សុង សារ៉ន បានថ្លែងឲ្យដឹងថា សហព័ន្ធស្រូវអង្ករបានប្រជុំជាមួយក្រុមប្រឹក្សាភិបាល ក៏ដូចជាជាប្រជុំជាមួយសមាជិកផ្សេងៗ ដែលជាក្រុមហ៊ុនលំដាប់ទី២០ ដែលមានការចូលរួមនាំចេញស្មើនឹងជាង៨០% បន្ទាប់ពីប្រជុំហើយ សហព័ន្ធបានដាក់ចេញគោលការណ៍ ជំរុញការនាំចេញឲ្យបាន១លានតោននេះ។

ឧកញ៉ាបន្ថែមថា គោលការណ៍ទាំងនោះរួមមាន ធានាបាននូវកេរ្ដិ៍ឈ្មោះអង្ករកម្ពុជា ដែលបានទទួលស្គាល់ទូទាំងពិភពលោក ដែលជាអទិភាពសំខាន់មួយ គឺការធ្វើពិពធកម្មទីផ្សារ ដែលជាការធ្វើមួយសម្រាប់ទីផ្សារកសិករ មានន័យថា កសិករដាំអ្វីមួយដាំតាមទីផ្សារ, ការសិក្សាពីការផលិតពូជក៏ដូចជាការសិក្សាស្រាវជ្រាវ ក៏ដូចជាអង្គការដៃគូស្វែងរកពូជណាដែល ជាពូជពិសេស ដែលកម្ពុជាអាចធ្វើបាន និងមានលក្ខណៈពិសេសមួយ បម្រើដល់កសិករ និងដៃគូជារោងម៉ាស៊ីនកិនស្រូវ ដែលអាចឲ្យពួកគាត់សហការគ្នាក្នុងការបញ្ជាទិញ និងទី៣៖ ដើម្បីឲ្យបាន១លានតោន គឺការវិនិយោគកសាងឃ្លាំង និងឡសម្ងួតបន្ថែមទៀត។

លោកឧកញ៉ាបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានស្រូវសល់ច្រើន រាយប៉ាយតាមខេត្តធំៗ តាមខេត្តនៅបណ្ដោយព្រំដែនវៀតណាម មានខេត្តប៉ែកខាងកើត និងខេត្តប៉ែកខាងលិចរួមមាន៖ សៀមរាប, បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់ និងកំពង់ធំជាដើមនោះ យើងត្រូវការឃ្លាំងតូចៗបន្ថែមទៀត ដែលមានមូលដ្ឋានក្បែរតំបន់ផលិកម្មស្រូវ។

លោកឧកញ៉ាបន្ដថា សហព័ន្ធបានគិតពីការកសាងនៅជំនឿ និងចីរភាពមួយដែលអាចទុកចិត្តគ្នាបានរវាងកសិករ និងអ្នកទទួលទាន ព្រោះការកសាងនូវបច្ចេកវិទ្យា, ការកែច្នៃ, កាក់សំណលដែលនៅសល់ពីអង្ករនេះ ជាការរួមចំណែកមួយ ក្នុងការផ្ដល់ប្រាក់ចំណេញបន្ថែម ដល់កសិករ និងរោងម៉ាស៊ីនកិនស្រូវ។

លោកឧកញ៉ាបន្ថែមថា សហព័ន្ធបានគិតអំពីការកសាងសមត្ថភាពសហគម។ ជាការពិតសហគមកសិកម្ម នឹងក្លាយខ្លួនជាបណ្ដុំផលិតកសិករមួយ ដែលគាំទ្រកសិករខ្នាតតូច ឲ្យមានការចូលរួមដាំដុះតាមតម្រូវការទីផ្សារ ហើយសមាគមមានសមត្ថភាព ក្នុងការសម្រេចិត្តក្នុងថ្នាក់មូលដ្ឋាន ពីការចចាររបស់សមាជិកទាមទារតម្លៃល្អ ប្រសើរណាមួយទៅតាមសមត្ថភាព និងគុណភាពដែលធ្វើបាន។ មួយវិញទៀត គឺផលិតភាព និងសត្ថមភាពរបស់កម្ពុជា គឺយើងបានដឹងថា កសិករប្រហែលកន្លះលាននាក់ ដែលបានបង្ហាញរៀបចំខ្លួនដាំដុះ ពង្រីកខ្លួនពីកសិករទៅជាសហគ្រិន ទាំងនេះជាកត្តាជំរុញមួយ ធ្វើឲ្យគាត់អាចប្រកួតប្រជែង ជាមួយកសិករក៏ដូចជាប្រទេសជឿនលឿនផ្សេងទៀត ដែលដាំដុះស្រូវដូចគ្នា។

លោកឧកញ៉ា សុង សារ៉ន បានបន្ថែមថា យើងបានប្រមូលផ្ដុំធនធាន ដើម្បីសិក្សារួមគ្នាគាំទ្រសមត្ថភាពកសិករ និងលើកកម្ពស់កសិករមួយកម្រិតទៀត ដើម្បីអាចត្រៀមខ្លួន ជាពិសេសការកាត់បន្ថយថ្លៃដើមរបស់ពួកគាត់តែម្ដង។

លោកឧកញ៉ាបញ្ជាក់ថា «សហព័ន្ធស្រូវអង្ករក្នុងអាណត្តិនេះ គឺផ្ដោតច្រើនទៅលើកម្រិតពង្រឹងសមត្ថភាពខ្លួនឯង និងការធ្វើពិពិធកម្មទីផ្សារ ដូចអ្នកទាំងអស់គ្នាដឹងហើយថា កម្ពុជាតែងតែនាំចេញអង្ករទៅសហគមន៍អឺរ៉ុប ប៉ុន្ដែបន្ទាប់ពីមានការដាក់ពន្ធពីទីផ្សារអឺរ៉ុប សហព័ន្ធស្រូវអង្ករក៏មិនបាននៅស្ងៀម ក្នុងការរិះរកទីផ្សារថ្មី ជូនដល់បងប្អូនកសិករ។ ក្នុងឆ្នាំនេះយើងនឹងធ្វើពិពិធកម្មទីផ្សារ ដោយបានកំណត់ទីផ្សារធំៗ ដើម្បីទទួលអង្ករកម្ពុជា។ ក្នុងនោះមានទីផ្សារប្រទេសចិន ដែលបានគាំទ្រយ៉ាងខ្លាំង ហើយរយៈពេល៨ខែនេះឃើញថា ចិនមានការបញ្ជាទិញកើនឡើងជាង៤០% ទៅលើបរិមាណនាំចេញអង្ករកម្ពុជាយើងជាង៣៤ម៉ឺនតោន ទាំងនេះជាសញ្ញាវិជ្ជមានមួយ។ យ៉ាងណាក៏ដោយយើងគិតថា ចិននៅតែបន្ដការទិញអង្ករពីយើងបន្ថែមទៀត ហើយសហព័ន្ធនឹងជជែកជាមួយភាគីចិន ដើម្បីរកវិធីសាស្រ្ដក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម»