(កំពង់ធំ)៖ រថយន្តដឹកត្រីម៉ាកវេអង ១គ្រឿង បានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឃាត់ចាប់ ដោយសំអាងថា គ្មានច្បាប់អនុញ្ញាត ដែលធ្វើម្ចាស់ត្រីមានប្រតិកម្មយ៉ាងខ្លាំង ដោយបញ្ជាក់ថា ការធ្វើឡើងដោយស្មានៗ មិនគិតពីការខូចខាតផលប្រយោជន៍ និងពេលវេលារបស់គាត់ ដោយគាត់រកស៊ីនេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងមានកាតព្វកិច្ចបង់ពន្ធចូលរដ្ឋតាមផ្លូវច្បាប់ទៀតផង។

ជាមួយក្រុមអាជីវករ បានទទូចដល់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ចាត់ការទៅលើមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចមួយក្រុមនេះ រួមមាន នាយរង ការិយាល័យ ប្រធានផ្នែក និងនាយរងផ្នែក ដែលមានវិធានការនាំឲ្យប៉ះពាល់ដល់ការរកស៊ីរបស់ពួកគាត់យ៉ាងដូច្នេះ។ ពួកគាត់បាននិយាយទៀតថា សកម្មភាពទាំងនេះទំនងមិនបាន ដឹងដល់លោកឧត្តមសេនីយ៍ស្នងការនោះទេ ដែលតែងតែមានបទបញ្ជាឲ្យកម្លាំងនគរបាលក្រោមឱវាទ មិនត្រូវប្រើតួនាទីប៉ះពាល់ដល់ប្រជាពលរដ្ឋ និងការរកស៊ីត្រូវច្បាប់របស់ពួកគាត់នោះឡើយ។

ម្ចាស់ត្រី នៃរថយន្តនេះបានចោទប្រកាន់ថា បើគ្រាន់តែបង្ក្រាបស្មានៗ មានចរិតបែបនេះ មិនសមជាសមត្ថកិច្ចអនុវត្តន៍ច្បាប់នោះទេ។ លោក យ៉ត យ៉ាន នាយរងសង្កាត់រដ្ឋបាលជលផល ក្រុងស្ទឹងសែន ដែលមានវត្តមាននៅក្នុងការឃាត់ រថយន្តដឹកត្រីនេះដែរ បានប្រាប់ឲ្យដឹងថា ម្ចាស់រថយន្តមានច្បាប់ត្រឹមត្រូវ ដែលខាងជំនាញរដ្ឋបាលជលផល មិនហ៊ានឃាត់គេទុកនោះទេ។

លោកបញ្ជាក់ថា មូលហេតុដែលក្រុមនគរបាលសេដ្ឋកិច្ច ឃាត់រថយន្តដឹកត្រីនេះ គឺពីដំបូង និងក្នុងពេលឃាត់រថយន្តនេះ គឺរថយន្តនេះគ្មានច្បាប់អ្វីទាំងអស់ ដើម្បីបង្ហាញសមត្ថកិច្ច ក្រោយមក ទើបអ្នកកាន់ឯកសារច្បាប់យកច្បាប់មកឲ្យ។

ក្រោយពីពិនិត្យឃើញថា ត្រឹមត្រូវតាមផ្លូវច្បាប់ហើយ រថយន្តនោះក៏ត្រូវបានដោះលែងទៅវិញ ក្នុងពេលវេលាបន្ទាប់នោះដែរ។ គួរបញ្ជាក់ថា រថយន្តដឹកត្រីនេះ ត្រូវបានឃាត់នៅម៉ោងប្រមាណ៧ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន និងបានសម្របសម្រួលដោះលែងទៅវិញនៅម៉ោងប្រមាណ១០ព្រឹកក្នុងថ្ងៃដដែល៕