(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ កាកបាទ ក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចូលរួមសម្តែងនូវការសោកស្តាយ និងបាននាំយកអំណោយមនុស្សធម៌ជាលើកទី២ ទៅផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ១៣ខ្នងផ្ទះ កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ ស្ថិតនៅក្នុងភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះទាំងអស់ រួមទាំងបង្កឱ្យមានអ្នករបួសធ្ងន់ធ្ងរម្នាក់ និងស្លាប់បាត់បង់ជីវិតម្នាក់ទៀតផងដែរ។

ជាមួយគ្នានេះដែរ លោកស្រី អគ្គលេខាធិការរងទី ១ ក៏បានថ្លែងអំណរគុណ និងការកោតសរសេីរ ចំពោះ កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្តជួយ អន្តរាគម ន៍ ពន្លត់អគ្គិភ័យមិនឱ្យប៉ះពាល់ច្រេីនជាងនេះ ជាពិសេស កោតសរសេីរ ចំពោះបងប្អូនអ្នកជិតខាង ដែលមានទឹកចិត្តសប្បុរស ជួយទុក្ខធុរៈគ្នាក្នុងគ្រាមានអាសន្ន ដែលនេះជាស្មារតីមនុស្សធម៌ ចែករំលែកក្តីអាណិតស្រឡាញ់ សាមគ្គីគ្នា ចេះជួយគ្នាក្នុងគ្រាមានអាសន្ន។

ជាមួយគ្នានេះ លោកស្រី ក៏បានពាំនាំសេចក្តីអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីដល់ប្រជាជនទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភពនៃគ្រោះថ្នាក់ និងបានលើកទឹកចិត្តសូមកុំអស់សង្ឃឹម ត្រូវគិតគូរពីសុខភាព ហើយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

គ្រួសាររងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរ មានក្តីមេត្តាករុណា និងទឹកចិត្តជ្រះថ្លា ជួយដោះស្រាយទុក្ខ លំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកដោយគ្មានរេីសអេីងអ្វីឡេីយ។

សូមបញ្ជាក់ថា បន្ថែមពីអំណោយដែល សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ បានផ្តល់ជូន ១លើក រួចមកហើយនោះ ទីស្នាក់ការកណ្តាលបានផ្តល់ជូន គ្រួសាររងគ្រោះ ដែលជាមេគ្រួសារទាំង ១៣ ខ្នងផ្ទះ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង មុង១ សារុង១ ក្រមា១ ភួយ១ អាវយឺត១ តង់១ និងថវិកា ចំនួន ២០ម៉ឺនរៀល។ គ្រួសាររងគ្រោះ ២០គ្រួសារទៀត ក្នុង១គ្រួសារ ទទួលបាន អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង មុង១ សារុង១ ក្រមា១ ភួយ១ អាវយឺត១ និងថវិកាចំនួន ១០ម៉ឺនរៀល។ ដោយឡែក គ្រួសារដែលមានអ្នករងរបួស និងស្លាប់បាត់បង់ជីវិត ១គ្រួសារទទួលបានថវិកា ៥លានរៀល៕