(ភ្នំពេញ)៖ របាយកាណ៍របស់ការិយាល័យ ស្ថិតិពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មអាមេរិក បានបញ្ជាក់ថា នៅរយៈពេល៧ខែ ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជាអាមេរិក ៣,០៥៦.១លានដុល្លារ កើនឡើង២៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ មានចំនួន ២,៣៥៥.៨លានដុល្លារអាមេរិក។

របាយការណ៍ដដែលបង្ហាញទៀតថា ទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក លើស៩ដង នៃការដែលអាមេរិកនាំចូលមកកម្ពុជា។ នៅ៧ខែឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញផលិតផលទៅអាមេរិក គិតជាទឹកប្រាក់២,៧៤៩.១លានដុល្លារអាមេរិក កើតឡើង៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨ មានចំនួន២,១១២.១លានដុល្លារអាមេរិក ខណៈដែលកម្ពុជានាំចូលផលិតផលពីអាមេរិកវិញ គិតជាទំហំទឹកប្រាក់មានចំនួនត្រឹមតែ ៣០៧លានដុល្លារ កើនឡើង២៦ភាគរយ បើធៀបឆ្នាំ២០១៨ មានចំនួន២៤៣.៧លានដុល្លារ។

ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញ ទៅអាមេរិកមាន សម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកកម្ពុជានាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនីអេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បើយោងតាមទិន្ន័យរបស់ ក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អាមេរិក មានកំណើនគួរឲ្យគត់សម្គាល់៖

* ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានទឹកប្រាក់២,៣៦៥លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន២,១៣៦លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានតែ ២២៨លានដុល្លារប៉ុណ្ណោះ។

* ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក ហាក់ថមថយបន្តិចមានទឹកប្រាក់២,៣២០លានដុល្លារ ប៉ុន្តែការនាំចេញរបស់កម្ពុជាអាមេរិកនៅតែបន្តកើនឡើង ដោយនាំចេញបាន២,១៤៧លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានតែ ១៧៣លានដុល្លារប៉ុណ្ណោះ។

* ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានទឹកប្រាក់២,៦០៥លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន២,៤០៨លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានតែ១៩៦លានដុល្លារប៉ុណ្ណោះ។

* ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានទឹកប្រាក់៣,៤៣៨លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន៣,០៥១លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានតែ ៣៨៦លានដុល្លារប៉ុណ្ណោះ។

* ឆមាសទី១ ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានទឹកប្រាក់២,១៩៥លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន ១,៨៩១លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានតែ ៣០៤លានដុល្លារប៉ុណ្ណោះ។

សូមជម្រាបថា នៅដើមឆ្នាំ២០១៨ រដ្ឋាភិបាលអាមេរិករបស់លោកប្រធាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដើម្បីបន្ដប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់រយៈពេល៣ឆ្នាំបន្ដទៀត ដល់កម្ពុជា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០៕