(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខណ្ឌឫស្សីកែវ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០១៩ របស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

ពិធីធ្វើឡើងនៅមណ្ឌលម៉ូឌែន៥ រាជធានីភ្នំពេញ ដែលមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ សកម្មជន សមាជិក សមាជិកា មកពីសង្កាត់ទាំង៧ ចំណុះខណ្ឌឫស្សីកែវជាច្រើនរូបទៀតផងដែរ។

បន្ទាប់ពីបានអានរបាយការណ៍បូកសរុបសភាពការណ៍ទូទៅ ដោយលោក ជា ពិសី ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវរួចមក ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ សកម្មជនសមាជិក សមាជិកា និងគ្រួសារគណបក្សប្រជាជនកម្ពុជាត្រូវសាមគ្គីផ្ទៃក្នុងជាធ្លុងមួយ រវាងសមាជិកបក្ស ដែលនឹងធ្វើឲ្យកម្លាំងយើងកាន់តែរឹងមាំ មិនមានសត្រូវណាអាចមកជ្រៀតជ្រែកបាន ហើយត្រូវយោគល់គ្នា និងបំពេញនូវចន្លោះខ្វះខាតឲ្យគ្នា។

លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបន្តថា ទន្ទឹមនឹងនេះថ្នាក់ដឹកនាំ ក្រុមប្រឹក្សា និងសកម្មជនទាំងអស់ត្រូវរៀបចំផែនការសកម្មភាពការងារ ឲ្យបានច្បាស់លាស់ ពន្លឿនសកម្មភាពការងារ និងឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត។

លោកក៏បានជំរុញឲ្យការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែឆាប់រហ័ស និងល្អប្រសើរដើម្បីធ្វើយ៉ាងណាឲ្យគណបក្សប្រជាជន បន្តទទួលបានជោគជ័យឈ្នះដាច់ ក្នុងការបោះឆ្នោតឃុំសង្កាត់ ២០២២ និងបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ២០២៣ខាងមុខ៕