(ក្រចេះ​)​៖​ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន៣៥៩គ្រួសារ ដែលរស់នៅក្នុងស្រុកឆ្លូង និងស្រុកចិត្តបុរី។

ពិធីនេះរៀបចំឡើងនៅលើទីទួលក្នុងវត្តចំនួន២ កន្លែង ក្នុងនោះវត្តព្រែកសាម៉ាន់ ស្ថិតនៅក្នុងស្រុកឆ្លូង ចំនួន១៨៤គ្រួសារ និងវត្តថ្មគ្រែ ស្ថិតនៅក្នុងស្រុកចិត្របុរី ចំនួន១៧៥គ្រួសារ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា លោក វ៉ា ថន ប្រធានកិត្តិយសសាខា លោក ធុន គ្រី ប្រធានគណៈកម្មាធិការសាខាផងដែរ។

ក្នុងឱកាសនៃពិធីជួបសំណេះសំណាលជាមួយពលរដ្ឋរងគ្រោះ លោកវេជ្ជ. អ៊ុយ សំអាត នាយក បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដែលជួបគ្រោះទឹកជំនន់នៅក្នុងរដូវវស្សានេះ។

ជាមួយគ្នានេះ លោកវេជ្ជ. អ៊ុយ សំអាត បានបន្តទៀតថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេសលោកតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងដូចជា គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងទឹកជំនន់ជាដើម។ល។

ជាចុងក្រោយលោកវេជ្ជ. អ៊ុយ សំអាត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់នៅពេលទឹកស្រកទៅវិញ ចាប់ផ្តើមប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើនផលដំណាំឡើងវិញ ថែទាំសុខភាពឱ្យបានល្អ ទទួលទានអាហារឱ្យបានត្រឹមត្រូវ ផឹកទឹកដាំឆ្អិនល្អ រស់នៅក្នុងបរិស្ថានស្អាត មានអនាម័យ ត្រូវគេងក្នុងមុងជានិច្ច ត្រូវមើលថែទាំចាស់ៗ ដែលស្តាប់ពុំឮ មើលពុំឃើញ សូមកុំឱ្យទៅក្បែរទឹក និងត្រូវមានការប្រុងប្រយត្ន័ចំពោះសត្វអសិរពិសផ្សេងៗនៅពេលទឹកឡើងនិងក្រោយស្រកទៅវិញ ជាពិសេសត្រូវមើលក្មេងតូចៗកុំឱ្យទៅលេងទឹក ដែលអាចបណ្តាលឱ្យលង់ទឹកស្លាប់ ធ្វើឱ្យក្រុមគ្រួសារមានវិប្បដិសារីអស់មួយជីវិត។

ទន្ទឹមនឹងនោះដែរ លោក វ៉ា ថន បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះជាប់ជាប្រចាំ និងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ពីផលប៉ះពាល់ធ្វើយ៉ាងណាឱ្យបានអតិបរមាបំផុត។

ជាចុងក្រោយលោក បានថ្លែងអំណរគុណ និងកោតសរសើដល់ប្រជាពលរដ្ឋ ដែលចេះតាមដានពីស្ថានភាពគ្រោះទឹកជំនន់ជាប្រចាំ និងបានជន្លៀសមកកាន់ទីទួលសុវត្ថិភាព បានទាន់ពេលវេលា ដែលពុំមានប៉ះដល់អាយុជីវិត។

សូមបញ្ជាក់អំណោយដែលបានចែកជូននាពេលនោះក្នុងមួយគ្រួសារទទួលបាន៖ មី ១កេស, ត្រីខ១០កំប៉ុង ជាអំណោយរបស់ កាកបាទក្រហមកម្ពុជា និងអង្ករ ២៥គីឡូក្រាម ជាអំណោយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមុង១ ជាអំណោយរបស់មន្ទីរសុខាភិបាលខេត្តក្រចេះ៕