(ភ្នំពេញ)៖ នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការទេសចរណ៍ពិភពលោក (UNWTO) លោក XU Jing បានកោតសរសើរពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ពិសេស គឺការរីកចម្រើនក្នុងវិស័យទេសចរណ៍ ដោយលោកបានមើលឃើញថា បច្ចុប្បន្នវិស័យទេសចរណ៍កម្ពុជា បានចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមផ្សព្វផ្សាយពីវប្បធម៌ និងជំរុញការអភិវឌ្ឍជំនាញដល់ប្រជាជនផងដែរ។

ការលើកឡើងរបស់តំណាងអង្គការទេសចរណ៍ពិភពលោកយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទអន្តរជាតិលើកទី១ ស្ដីពីទេសចរណ៍ម្ហូបអាហារកម្ពុជា ក្រោមប្រធានបទ «លើកកម្ពស់គុណតម្លៃប្រពៃណី និងបេតិកភណ្ឌ ដើម្បីការអភិវឌ្ឍទេសចរណ៍ ប្រកបដោយចីរភាព» នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ។

លោក XU Jing បានកោតសរសើរពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលកំពុងស្ថិតក្នុងម្លប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ដោយលោកបានកត់សម្គាល់នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

នាឱកាសនោះ លោក XU ក៏បានលើកទឹកចិត្តឱ្យកម្ពុជាបង្កើតផលិតផលទេសចរណ៍ថ្មីៗឱ្យបានច្រើន ដើម្បីរួមចំណែកជំរុញចរន្តលំហូរទេសចរពិភពលោកឱ្យកាន់តែសកម្ម តួយ៉ាងទេសចរណ៍ម្ហូបអាហារដែលកំពុងធ្វើសន្និសីទនេះ ក៏ជាផលិតផលទេសចរណ៍ដ៏ចាំបាច់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិផងដែរ។

ក្រោយពេលដើរទស្សនាស្ដង់ម្ហូបអាហារ និងភ្លក្សម្ហូបអាហេ និងបង្អែមរបស់ខ្មែរដែលរៀបចំតាមស្ដង់នោះ ជាមួយលោករដ្ឋមន្ត្រី ថោង ខុន និងប្រតិភូជាតិ-អន្តរជាតិដទៃទៀតរួចមក លោក XU បានកោតសរសើរពីរសជាតិមុខម្ហូប និងបង្អែមនីមួយៗជាមួយនឹងរសជាតិឆ្ងាញ់ប្លែកៗពីគ្នា ហើយបានលើកទឹកចិត្តសូមឱ្យកម្ពុជាធ្វើម្ហូបអាហារ និងបង្អែមទាំងនោះឱ្យបានច្រើន។

បានជាលោក XU Jing ជំរុញយ៉ាងដូច្នេះ ដោយសារមានការបង្ហាញថា ក្នុងចំណោមចំនួនទេសចរសរុប ដែលចេញទស្សនានៅជុំវិញពិភពលោក មាន ៤០% ជាប្រភេទទេសចរណ៍វប្បធម៌ និងម្ហូបអាហារ មានន័យថា ម្ហូបអាហារ ជាកត្តាដ៏សំខាន់ក្នុងការសម្រេចចិត្តជ្រើសរើសគោលដៅទស្សនារបស់ភ្ញៀវទេសចរ៕