(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ទំនាក់ទំនងកម្ពុជា-វៀតណាម កំពុងមានភាពស្វាហាប់ រឹងមាំ និងទទួលបានលទ្ធផលផ្លែផ្កា ហើយកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាពខ្ពស់។

ប្រមុខការទូតកម្ពុជា បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៧ស្តីពី «កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា» ជាមួយលោក ផាម ប៊ិញមិញ (Pham Binh Minh) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងជាសហប្រធាន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំរបស់យើងនាពេលនេះ នឹងបន្តរួមចំណែកដ៏សំខាន់ថែមទៀត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមបំណងប្រាថ្នារបស់រដ្ឋាភិបាល និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសយើងទាំងពីរ»។

ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងបន្ថែមថា ដោយសង្កេតឃើញថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ បាននឹងកំពុងបន្តរីកចម្រើនទៅមុខប្រកបដោយភាពស្វាហាប់ រឹងមាំ និងទទួលបានលទ្ធផលផ្លែផ្កា ដូចបានឆ្លុះបញ្ចាំង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងគ្រប់កម្រិតនៃប្រទេសទាំងពីរ។ ជាក់ស្ដែងក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយាង និងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសវៀតណាម។

លោកបន្តថា ទន្ទឹមនេះ កម្ពុជាបានទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ង្វៀន ហ្វ៊ុជុង អគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម មកបំពេញទស្សនកិច្ច និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ក៏ដូចជាកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ របស់នាយករដ្ឋមន្ត្រី ង្វៀន ស៊ួនហ្វ៊ុក និងទទួលលោកស្រី ង្វៀន ធីគីមងិន ប្រធានរដ្ឋសភាវៀតណាមដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅទីក្រុងសៀមរាប ផងដែរ។

រដ្ឋមន្ត្រីក្រសួងការបរទេស បានបន្ថែមទៀតថា ជាការកត់សម្គាល់ ការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបកំពូលរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរក្នុងឆ្នាំកន្លងទៅ និងថ្មីៗនេះ បានបង្កើនទំនុកចិត្ត ការយោគយល់រវាងគ្នា និងការគាំទ្រគ្នាទៅវិញទៅមកកាន់តែខ្លាំងក្លាថែមទៀត ទាំងក្នុងកម្រិតទ្វេភាគី ទាំងនៅគ្រប់វេទិកាតំបន់ និងអន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបន្តថែរក្សាពូនជ្រុំ និងលើកកម្ពស់ទំនាក់ទំនងដែលមិនអាចបំបែកបំបាក់បានរវាងប្រទេសទាំងពីរ។

លោកបញ្ជាក់ទៀតថា ជាមួយគ្នានេះ ប្រទេសយើងទាំងពីរ បានបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយឆ្នាំទៅមិញ ទំហំពាណិជ្ជកម្មបានកើនឡើង ដល់៤,៧ពាន់លានដុល្លារ ហើយ៦ ខែដើមឆ្នាំនេះ បានសម្រេចជិត ៣ពាន់លានដុល្លារ។ ជាមួយនេះ ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន និងរវាងយុវជនជំនាន់ក្រោយ សំដៅផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងបង្កើនការស្វែងយល់ពីគ្នាទៅវិញទៅមក ឱ្យកាន់តែប្រសើរឡើងថែមទៀត៕