(ឡាវ)៖ កិច្ចប្រជុំគណ:កម្មការសហប្រតិបត្តិការ រក្សាសន្តិសុខតាមព្រំដែន កម្ពុជា ឡាវ បានបញ្ចប់ជាផ្លូវការហើយ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ជាលទ្ធផល ភាគីទាំង២ បានឯកភាពគ្នាឲ្យ កងកម្លាំងការពារព្រំដែនប្រទេសទាំងពីរ ដើរល្បាតត្រួតពិនិត្យរួមគ្នាតាមភូមិសាស្រ្ត ដែលបានបោះបង្គោលរួច។
សេចក្តីព្រមព្រៀងគ្នាដែលបានធ្វើឡើង នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងពិធីបិទការប្រជុំគណ:កម្មការកិច្ចការព្រំដែន ប្រទេសទាំងពីរនា ខេត្តចាំប៉ាសាក់ ប្រទេសឡាវ ក្រោមវត្តមានសហប្រធានដឹកនាំ ដោយឧត្តមសេនីយ៌ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការការងារព្រំដែនអគ្គបញ្ជាការ តំណាងភាគីកម្ពុជា និងលោកវរសេនីយ៌ឯក ស៊ីផាន់ ភុតថាក់វង្ស នាយក នាយកដ្ឋានយោធាព្រំដែន អគ្គសេនាធិការកងទ័ពប្រជាជនឡាវ។
សេចក្តីព្រមព្រៀងបានបញ្ជាក់ច្បាស់ថា ក្នុងករណីចាំបាច់គណ:កម្មការកិច្ច សហប្រតិបត្តិការរក្សាសន្តិសុខ តាមបណ្តោយព្រំដែនប្រទេសទាំង២ នឹងត្រូវជូនដំណឹងអោយគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបានទាន់ពេលវេលា។
ជាមួយនោះកិច្ចព្រមព្រៀងក៏បាន ឯកភាពលើការកំណត់ទីតាំងការិយាល័យ ទំនាក់ទំនងរវាងកម្ពុជា និងឡាវនៅតំបន់ព្រំដែនរួមគ្នា ព្រមទាំងឯកភាពអោយ មានការចុះអប់រំដល់ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធនៅតាមបណ្តោយព្រំដែន ប្រទេសទាំង២អោយគោរព ប្រតិបត្តិតាមបទបញ្ញត្តិព្រំដែន ច្បាប់របស់ប្រទេសនីមួយៗ ក្នុងគោលបំណងទប់ស្កាត់ ឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ ការរត់ពន្ធ ការជួញដូរគ្រឿងញៀន ជួញដូរមនុស្ស ជួញដូរអាវុធ ការបរបាញ់សត្វ នេសាទខុសច្បាប់ ការរុករកធ្វើអាជីវកម្មលើធនធានធម្មជាតិ ជាពិសេសការលួចកាប់បំផ្លាញព្រៃឈើ។
ដោយឡែកនៅខ្សែបន្ទាត់ព្រំដែន ដែលមិនទាន់បានបោះបង្គោល ភាគីទាំង២បានឯកភាពមិនអោយ ធ្វើសកម្មភាពអ្វីជាឯកតោភាគី ដែលបង្កអោយមានការប្រែប្រួល បរិស្ថានភូមិសាស្រ្ត ធម្មជាតិ ព្រមទាំងត្រូវរួមគ្នាថែរក្សាខ្សែបន្ទាត់ព្រំដែន និងបង្គោលសីមាដែលមានស្រាប់អោយបានគង់វង្ស។
សូមបញ្ជាក់ថា កម្ពុជានិងឡាវមានព្រំដែនរួមគ្នាប្រវែង៥៤០គីឡូម៉ែត្រ មកដល់បច្ចុប្បន្នបានបោះបង្គោលរួច ប្រមាណ៨៦%ហើយ។
លោកឧត្តមសេនីយ៏ សៀក សុជាតិ និងលោក ស៊ីផាន់ភុតថាក់វង្ស ក្នុងនាមសហប្រធាន បានសម្តែងនូវមោទនភាព ចំពោះជោគជ័យនៃកិច្ចប្រជុំលើកនេះ ដោយបានចាត់ទុកជោគជ័យថាជាការខិតខំរួមគ្នា នាំមកនូវផ្លែផ្កា និងផលប្រយោជន៌សម្រាប់ប្រជាជនប្រទេសទាំង២ គ្រប់ថ្នាក់មានការយោគយល់ ខិតជិតគ្នា ក្នុងនាមជាបងប្អូន ជាអ្នកភូមិផងរបងជាមួយគ្នាតាំងពីយូរលង់មក។ ភាគីទាំង២ក៏បានឯកភាពបន្តប្រជុំពិភាក្សាចំណុច ដែលនៅសេសសល់នាឆ្នាំក្រោយទៀត ដោយកម្ពុជា ជាម្ចាស់ផ្ទះ៕