(ព្រះសីហនុ)៖ នៅរយៈពេល២ថ្ងៃ នៃពិធីបុណ្យអុំទូកនេះ គេឃើញថា មានការកើនឡើងនូវចំនួនភ្ញៀវទេសចរណ៍ ចេញពីរាជធានីភ្នំពេញ ទៅកាន់រមណីយដ្ឋាននានា ដូចជាតំបន់អង្គរ និងតំបន់សមុទ្រជាដើម។ ការកើនឡើងនូវចំនួនចរាចរណ៍នាថ្ងៃពិធិបុណ្យជាតិធំៗ អាចបង្កឲ្យមានគ្រោះថ្នាក់ជាយថហេតុ ប្រសិនណាអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន មិនគោរពច្បាប់ចរាចរណ៍ និងសិទ្ធិអាទិភាពគ្នា ទៅវិញទៅមក។ ពិតណាស់មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ គឺបង្កមកពីកត្តាមនុស្សរហូតដល់ ៩៥% បើយោងតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ដូចនេះ ការអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍ គឺជាអ្វីដែលត្រូវធ្វើចាំបាច់។

នៅព្រឹកថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក សាខាកាកបាទក្រហមខេត្តព្រះសីហនុ បានសហការជាមួយក្រុមហ៊ុន AZ បន្តធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ នៅបញ្ជរបង់ប្រាក់អូរចំណារ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរសាធារណៈការខេត្ត និងនគរបាលចរាចរណ៍ខេត្ត។ ក្នុងយុទ្ធនាការនេះ មានការចែកកូនសៀវភៅសម្រង់ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងបិតសន្លឹកស្ទីកគ័រ ដែលមានសរសេរសារ «ពិសារគ្រឿងស្រវឹងកុំបើកបរ» ព្រមទាំងចែកភេសជ្ជៈកូកាកូឡា ជូនដល់អ្នកធ្វើដំណើរឆ្លងកាត់បញ្ជរផងដែរ។

លោក ខឹម សុផល ប្រធានគម្រោងសុវត្ថិភាពចរាចរណ៍ កាកបាទក្រហមកម្ពុជា បានថ្លែងថា កាកបាទក្រហមកម្ពុជា ពិតជាមានសេចក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុន AZ ដែលបានសហការ និងចូលរួមឧបត្ថម្ភជាការបោះពុម្ពសៀវភៅ សម្រង់ច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ១៥,០០០ក្បាល និងស្ទីកគ័រមានសរសេរសារ «ពិសារគ្រឿងស្រវឹងកុំបើកបរ» ចំនួន ២ម៉ឺនសន្លឹក ក្នុងយុទ្ធនាការទាំង ៣មុន និងថ្ងៃប្រារព្ធពិធីបុណ្យអុំទូក។ លោកបានបន្តទៀតថា នេះគឺជាផ្នែកមួយនៃការចូលរួមពីវិស័យឯកជន ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

លោក ណុប ហេង ប្រធានមន្ទីសារធារណការខេត្តព្រះសីហនុ បានលើកឡើងថា នេះជាព្រឹត្តិការណ៍ដ៍សំខាន់មួយដែលយើងត្រូវចូលរួមទាំងអស់គ្នា ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាយើង នៅពុំទាន់ត្រូវបានកាត់បន្ថយនោះទេ។ ហើយលោកក៏សូមសំណូមពរឲ្យអ្នកបើកបរទាំងអស់ គោរពច្បាប់ចរាចរណ៍ និងយោគយល់អាធ្យាស្រ័យគ្នាក្នុងពេលបើកបរ។

លោក ជួន វ៉ាន់ឌន តំណាងក្រុមហ៊ុន AZ Investment បានថ្លែងអំណរគុណចំពោះលោក ខឹម សុផល តំណាងកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុន AZ សហការរៀបចំយុទ្ធនាការនេះឡើងទទួលបានជោគជ័យ។ លោកក៏សូមថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហម អាជ្ញាធរដែនដី នគរបាលខេត្ត-ស្រុក មន្ទីសាធារណៈការ និងដឹកជញ្ជូន សហព័ន្ធយុវជន និងស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួមយុទ្ធនាការទាំងនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ជាពិសេសអរគុណចំពោះលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំង ១ç០០០នាក់ នៅវិទ្យាល័យជម្ពូវន្ត័ និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងចូលរួមទទួលសៀវភៅសម្រង់ច្បាប់ចរាចរណ៍ និងបិតស្ទីកគ័រលើយានយន្តប្រកបដោយទឹកមុខរីករាយ ចំពោះយុទ្ធនាការទាំងនៅខេត្តកំពង់ស្ពឺ និងអ្នកធ្វើដំណើរឆ្លងកាត់ស្ថានីយកំបូល និងអូរចំណារ នៅផ្លូវជាតិលេខ៤។

លោកបានថ្លែងបន្តថា ដោយសារការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ និងការសហការផ្សព្វផ្សាយបន្ថែមទៀត ពីស្ថាប័នពត៌មានទាំងកាសែត វិទ្យុ ទូរទស្សន៍ និងតាមរយៈបណ្ដាញព័ត៌មានសង្គម Facebook ពិតជាផ្នែកមួយដ៏មានសារសំខាន់ ក្នុងការជម្រុញលើកទឹកចិត្តឲ្យអ្នកបើកបរគិតអំពី បញ្ហាសុវត្ថិភាពជាចំបង ហើយផ្លាស់ប្ដូរឥរិយាបថក្នុងពេលបញ្ជាយានជំនិះ ដែលប្រកបទៅដោយស្មារតីទទួលខុសត្រូវ និងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕