(ព្រះសីហនុ)៖ គិតមកត្រឹមព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ ភាពអាប់អួនៃអាកាសធាតុ ជ្រលងសម្ពាធទាបនៅតែមានឥទ្ឋិពលគ្របដណ្តប់ លើខេត្តព្រះសីហនុនៅឡើយ។ លក្ខណៈបែបនេះ បានបង្កឲ្យមានភ្លៀងធ្លាក់ជាប់ៗគ្នា ធ្វើឲ្យលំនៅដ្ឋាន ប្រជាពលរដ្ឋនៅតំបន់មួយចំនួន នៅក្រុងព្រះសីហនុ កំពុងទទួលរងការលិចលង់។

ពលរដ្ឋរស់នៅក្នុងសង្កាត់លេខ៤ បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលទឹកជំនន់ទឹកភ្លៀងបន្តធ្លាក់ជាប់ៗគ្នា ដែលអូសបន្លាយអស់ពេលជាងមួយសប្តាហ៍កន្លងមកហើយ។

ប្រជាពលរដ្ឋរស់នៅផ្លូវ LV ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បាននាំគ្នាលើកឡើងពីផលលំបាក ដែលពួកគាត់ជួបប្រទះ គឺបញ្ហាកកស្ទះផ្លូវ ពិបាកធ្វើដំណើរជាពិសេសលិចលង់លំនៅដ្ឋានរបស់ពួកគាត់។

ចំណែកពលរដ្ដរស់នៅមណ្ឌលអូរតាប៉ាង សង្កាត់លេខ៤ បានលើកឡើងស្រដៀងគ្នា ពីក្តីព្រួយបារម្ភពីជំនន់ទឹកភ្លៀងលិចលង់លំនៅឋានរបស់ពួកគាត់ និងខូចខាតទ្រព្យសម្បត្តិជាច្រើន ជាពិសេសសាលារៀន មណ្ឌលសុខភាព ក៏ត្រូវបានជន់លិចផងដែរ។

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់លេខ០៤ សូមអំពាវនាវដល់អាជ្ញាធរខេត្ត-ក្រុង និងមន្ទីរពាក់ព័ន្ធចុះជួយដោះស្រាយបញ្ហាលំបាកនេះផង។

មន្ត្រីមន្ទីរធនធានទឹក និឧតុនិយមខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា កម្រិតកម្ពស់ទឹកភ្លៀងបានឡើងដល់កម្ពស់ជាង១៦០មីលីម៉ែត្រ កាលពីល្ងាច ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន នៅក្រុងព្រះសីហនុ ក្នុងពេលដែលកម្រិតទឹកភ្លៀង នៅក្រុងព្រះសីហនុកន្លងមក គឺក្រោម១០០មីលីម៉ែត្រតែប៉ុណ្ណោះ។

មន្ត្រីរូបនោះបានបន្តទៀតថា ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋទាន់ពេលវេលា មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សហជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជូនគ្រឿងចក្រ២គ្រឿង មកអន្តរាគមន៍បន្ថែមជួយស្តារកាយ បើកផ្លូវទឹកនៅតាមតំបន់ ដែលមានទឹកជន់លិចខ្លាំងក្នុងក្រុងព្រះសីហនុ។

រដ្ឋបាលសាលាខេត្តព្រះសីហនុ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះថា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កំពុងតែប្រជុំបន្ទាន់ និងបញ្ជាឲ្យមន្ត្រី មន្ទីពាក់ពន្ធ័ចុះតាមគោលដៅ ដែលមានជំនន់ទឹកភ្លៀង ដើម្បីស្តារ និងកាយបើកផ្លូវទឹក កាត់បន្ថយការជន់លិច ដោះស្រាយការលំបាក ចំពោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងសូមឲ្យបងប្អូន ប្រុងប្រយ័ត្នខ្ពស់បំផុត សំរាប់ផាសុខភាពរស់នៅស្អាត ប្រកបដោយអានាម័យ។

សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី០៧ ខែសីហានេះ ផ្លូវជាតិលេខ៤ នៅតែបន្តការធ្វើចរាចរណ៍ ទៅមកជាធម្មតា មិនទាន់មានការលិចលង់នោះឡើយ៕