(កំពង់ធំ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំឭកឱ្យមន្ត្រីមន្ទីរក្រសួងសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ធំទាំងអស់​ ត្រូវខិតខំប្រឹងប្រែងបម្រើប្រជារាស្ត្រឱ្យបានទ្វេដង និងប្រកាន់ខ្ជាប់ អភិក្រមទាំង៥ និងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយត្រូវទុកខ្លួនឯងជាអ្នកបំរើរាស្ត្រ ទើបធ្វើការបានសម្រេចជោគជ័យ មិនមែនទុកខ្លួនជាចៅហ្វាយរាស្ត្រនោះទេ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងយ៉ាងដូចនេះ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន នៅសាលាខេត្តកំពង់ធំ។ ពិធីនោះ ក៏មានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ប្រមាណជាង១០០នាក់។

លោកទេសរដ្ឋមន្ត្រី បានថ្លែងថា ពិធីសំណេះសំណាលនេះធ្វើឡើង ដើម្បីបង្កើនសាមគ្គីភាពរវាងមន្ត្រី និងថ្នាក់ដឹកនាំឱ្យកាន់តែរឹងមាំថែមទៀត ក្នុងនាមជាមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូន សំដៅបង្កើនផលិតភាពការងារជូនជាតិមាតុភូមិ។

លោកក៏បានបញ្ជាក់ទៀតថា ក្រសួងសាធារណការបានសម្រេចនូវ សមិទ្ធផលនានា ដែលកើតចេញពីផែនការ១០០ថ្ងៃ ដែលក្នុងនោះរួមមាន ការដាក់ដំណើរការសាលាបង្រៀនបើកបររថយន្តធុនធ្ងន់ យុទ្ធនាការជិះកង់ពិនិត្យមើលផ្លូវខូច និងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)ជាដើម។ ហើយសម្រាប់គម្រោងដែលកំពុងអនុវត្ត និងគម្រោងដែលនឹងត្រូវអនុវត្ត លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗមួយចំនួនមានដូចជា ការលើកកម្ពស់គុណភាព និងពង្រីកផ្លូវពី២គន្លង ទៅ៤គន្លង និងគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ និងគម្រោងសាងសង់ស្ពានមួយចំនួន ដោយហេតុថាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។

លោកទេសរដ្ឋមន្ត្រី ក៏បានក្រើនរំឭកឱ្យមន្ត្រីទាំងអស់ ខិតខំប្រឹងប្រែងធ្វើការបម្រើប្រជារាស្ត្រឱ្យបានទ្វេដង ហើយត្រូវទុកខ្លួនឯងជាអ្នកបំរើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រនោះទេ ហើយមន្ត្រីគ្រប់រូបត្រូវប្រកាន់ខ្ជាប់ អភិក្រមទាំង៥ និងអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាអោយបានខ្ជាប់ខ្ជួនផងដែរ។

លោក ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ មន្ទីរ និងមន្ត្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងបានផ្ដាំផ្ញើឱ្យមន្ត្រីទាំងអស់រួបរួមសាមគ្គីសហការគ្នាថែមទៀត ក្នុងការបម្រើប្រជារាស្ត្រឱ្យបានកាន់តែប្រសើរមួយកម្រិតទៀត ស្របតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានតម្លាភាពផងដែរ៕