(ព្រះវិហារ)៖ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ អនុសាសន៍សំខាន់ៗ១០ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងផ្សព្វផ្សាយញត្តិថ្កោលទោសរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះទណ្ឌិត សម រង្សី។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ស្ថិតក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាលយ័ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរងជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងថា ដើម្បីចូលរួមពង្រឹងវិស័យការពារជាតិឱ្យមានភាពកាន់តែល្អប្រសើរ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍សំខាន់ៗ ចំនួន១០ចំណុច នៅក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមប្រារព្ធខួបលើកទី២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។ ចំពោះខ្លឹមសារដ៏មានសារៈសំខាន់ៗទាំង១០ចំណុចនេះ លោកមេបញ្ជាការបានផ្តាំផ្ញើឱ្យនាយទាហាន នាយទាហានរង និងពលទាហានគ្រប់ៗរូប ត្រូវមានការចងចាំឱ្យបានគ្រប់ៗ ដើម្បីជាទុនក្នុងការអនុវត្តន៍តួនាទីភារកិច្ច ទទួលបានជោគជ័យជូនជាតិមាតុភូមិ។

ក្នុងនាមកងកម្លាំងអាវុធហត្ថខេត្ត លោកមេបញ្ជាការ សូមគាំទ្រទាំងស្រុង ចំពោះញត្តិថ្កោលទោសរបស់នាយឧត្តមសេនីយ៍ សៅ សុខា និងប្តេជ្ញាការពាររាជរដ្ឋាភិបាល ដែលបង្កើតឡើងដោយការបោះឆ្នោត និងសូមគាំទ្រប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីរក្សាសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ក៏បានផ្តាំផ្ញើឱ្យនាយ នាយរង និងពលអាវុធហត្ថគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច ឱ្យទទួលបានជោគជ័យ ដោយបង្ក្រាបឱ្យបាននូវសកម្មភាពខុសច្បាប់នានា ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចផងដែរ៕