(សៀមរាប)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះ បានជំរុញលើកទឹកចិត្ត ទៅដល់កសិករដាំបន្លែឲ្យខិតខំ ក្នុងការផលិតបន្លែ ដែលធានាបានគុណភាព អនាម័យ និងសុវត្ថិភាព ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការរបស់អ្នកបរិភោគ និងទីផ្សារទំនើបៗ។

ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោក វេង សាខុន និងសហការី អញ្ជើញចុះពិនិត្យចំការបន្លែរបស់កសិករ នៅភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូត្រនិគម ខេត្តសៀមរាប នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះ លោក វេង សាខុន បានលើកទឹកចិត្ត ឲ្យខិតខំបន្ថែមទៀតទាំងការងារអនុវត្ត និងទ្រឹស្តី ដើម្បីជាទុនក្នុងការផលិតបន្លែ ដែលធានាបានគុណភាព អនាម័យ និងសុវត្ថិភាព ឆ្លើយតបតាមសេចក្តីត្រូវការ របស់អ្នកបរិភោគ និងទីផ្សារទំនើបៗ។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា ជាពិសេសគួរសិក្សាបន្ថែម ក្នុងការផ្លាស់ប្តូរមុខបន្លែ រើសយកប្រភេទបន្លែមានទីផ្សារ តម្លៃខ្ពស់ រក្សាទុកបានយូ ដូចជាខ្ទឹមបារាំងជាដើម ហើយចៀសវាងដាំបន្លែដដែល ជាន់គ្នាដែលធ្វើឲ្យប៉ះពាល់ ដល់ការផ្គត់ផ្គង់ទីផ្សារតម្លៃ និងការរក្សាទុកដាក់។

បើតាមកសិករ សាន សិន បានរៀបរាប់ថា ដោយទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ពីមន្ទីរកសិកម្មខេត្ត និងអង្គការសម្របសម្រួលការអភិវឌ្ឍកសិកម្មកម្ពុជា (Cambodia Agriculture Development Facility) បច្ចប្បន្នកសិករប្រមាណជា១៧០គ្រួសារ បានដាំបន្លែដូចជា៖ ត្រសក់ទ្រើង ម្រះ ប៉េងប៉ោះ សណ្តែកកួរ ដែលជាប្រភពចំណូលសម្រាប់គ្រួសារ ដោយសារឆ្នាំនេះ បន្លែគ្រប់ប្រភេទមានតម្លៃល្អប្រសើរជាងឆ្នាំមុនៗ។

បច្ចុប្បន្ន ក្រុមផលិតបន្លែ បានចុះកិច្ចសន្យាផ្គត់ផ្គង់ឲ្យផ្សារទំនើបម៉ាក្រូ នៅខេត្តសៀមរាប ហើយកំពុងបង្កើនការផលិត ព្រោះតម្រូវការបរិមាណនៅលើទីផ្សារ មានការកើនឡើងជាបន្តបន្ទាប់៕