(ក្រចេះ)៖ អតីតយុទ្ធជនចំនួន៣២គ្រួសារ ក្នុងខេត្តក្រចេះ ត្រូវបាន​សម្តេច​​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​​កម្ពុជា​ និងជាប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ផ្តល់ផ្ទះ​ និងដីឡូត៍ជូន​។

ជាក់ស្ដែងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្រ្តី​ គន់​ គីម អនុប្រធាន​ និងជាអគ្គលេខាធិការ​​សមាគម​អតីត​យុទ្ធជន​កម្ពុជា បានរៀបចំពិធី ចាប់ឆ្នោតយកលេខរៀងផ្ទះ និងដី។ ពិធីនេះត្រូវបានធ្វើនៅ​ភូមិ​សំបួរសែនជ័យ ឃុំ​ស្វាយជ្រះ​ ស្រុកស្នួល​ ខេត្ត​ក្រចេះ​ ដោយមាន​ការអញ្ជើញចូលរួមពីលោក​អភិបាល​រង​ខេត្ត​ក្រចេះ និងថ្នាក់ដឹកនាំសមាគមខេត្តក្រចេះ ព្រមទាំងកំពង់ចាមផងដែរ។

ក្នុងឱកាស​នោះ​ ​​ទេសរដ្ឋមន្រ្តី​ គន់ គីម ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ​ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ជូនដល់សមាជិកនៅទីនេះ​ ថាស​ម្តេចលោកនឹករលឹក​ និងតែងតែគិតគូរដល់សមាជិកគ្រប់គ្នាជានិច្ច ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត​ តាមរយៈ​ការផ្តល់ដី​ និងសង់ផ្ទះជូន ដូចដែលយើងទាំងអស់គ្នាបានឃើញស្រាប់ហើយ។

ជាមួយគ្នានេះ​ ​ទេសរដ្ឋមន្ដ្រី​អគ្គលេខាធិការ​ បានកោតសសើរចំពោះថ្នាក់ដឹកនាំ​សមាគមខេត្ត ដែលបាន​ខិតខំ​ឈូសឆាយដីបែងចែកជាឡូត៍​ និងសាងសង់ផ្ទះ​ អំណោយរបស់​​សម្តេច​ជូនបងប្អូន​បានរួចរាល់២០ខ្នង​ លើផែនការ៤៤​​ខ្នង និងកំពុងបន្តសាងសង់តាមផែនការ​។

បន្ថែមពីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានណែនាំឲ្យអភិបាលខេត្ត ជួយទំនុកបម្រុងដល់បងប្អូនយើង ក្នុងស្ថានភាពដែលពួកគាត់ទើបមកតាំងទីលំនៅថ្មី និងមានការខ្វះខាត​ ដោយនៅក្នុងភូមិនេះឆ្ងាយពីប្រភពទឹក ហើយក៏បានជំរុញឲ្យខេត្តចលនា ​សប្បុរសជនដើម្បីជីកអណ្តូង ជូនបងប្អូនសម្រាប់ប្រើប្រាស់​ដែលចំពោះមុខបានអណ្តូងពីរហើយ។

​អគ្គលេខាធិការរូប​ ​បានជំរុញឲ្យ​ថ្នាក់ដឹកនាំសមាគមខេត្ត​គ្រប់ថ្នាក់ បន្តធ្វើបច្ចុប្បនភាពសមាជិក​អតីត​យុទ្ធជន​ក្នុងខេត្ដ ​ក្តាប់ឲ្យបានពីស្ថានភាពរស់នៅ របស់សមាជិកម្នាក់ៗ ខិតខំ​មើលថែបងប្អូនដែលមានជំងឺ​ តាមរយៈ​ការបញ្ជូនទៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា។

ទន្ទឹមនឹងនេះ អតីតយុទ្ធជនទាំង៣២​គ្រួសារ ​ដែលទទួលបាន​ផ្ទះ​ និងដី​ មានក្តីរំភើបរីករាយជាខ្លាំង​ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ និងជាប្រធានសមាគម​អតីត​យុទ្ធជន​កម្ពុជា​ ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់​ ផ្តល់ផ្ទះផ្តល់ដីដល់ពួកគាត់​ ពួកគាត់​សូមជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារ​សូមឲ្យបានសុខសប្បាយ​ សិរីសួស្តីជ័យមង្គលវិបុលសុខ​ និង​បន្តធ្វើជា​នាយករដ្ឋមន្ត្រី​ជារៀងរហូត​៕