(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែ​មករា ឆ្នាំ២០១៩ មាននាវាទេសចរណ៍ខ្នាតធំមួយគ្រឿងឈ្មោះ Costa Fortuna បាននាំភ្ញៀវទេសចរជាង២.០០០នាក់ មកលេងខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នាវានេះមានសញ្ជាតិ Italy ចេញដំណើរមកពីប្រទេសថៃ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដែលមាននាវឹកចំនួន៩៨៦នាក់ ស្រី១៤៦នាក់ ហើយបាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍៥១សញ្ជាតិ សរុបចំនួន២.៦៧៥នាក់ ស្រី១.៥០៥នាក់។

បើតាមរបាយការណ៍ដដែលនេះ ភ្ញៀវទេសចរដែលច្រើនជាងគេ មានសញ្ជាតិអ៉ីតាលី៥៧៨នាក់ និងបារាំង៧៣៣នាក់។ ចំណែកនាវាវិញ មានបណ្តោយប្រវែង២៧២,១៥ម៉ែត្រ និងទទឹងប្រវែង៣៥,៥ម៉ែត្រ និងជម្រៅទឹក៨ម៉ែត្រ។

ជាមួយគ្នានេះ ភ្ញៀវចូលក្នុងប្រទេស ដែលត្រូវចេញតាមខេត្តសៀមរាបវិញមានចំនួន ២៥នាក់ ស្រី១៦នាក់ មាន២សញ្ជាតិ។​ នាវានេះនឹងធ្វើដំណើរបន្តទៅកាន់ប្រទេសសឹង្ហបូរី នៅម៉ោង ១៨៖០០នាទីល្ងាច ថ្ងៃដដែល៕