(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ បានតាមស្រាវជ្រាវបង្ក្រាបការជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន៩នាក់ ក្នុងនោះមានស្រី២នាក់ ដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួន និងថ្នាំញៀន១០កញ្ចប់ នៅក្នុងមូលដ្ឋានសង្កាត់ចំនួន៣។

ប្រតិបត្តិការនេះ​ធ្វើឡើងតាំងពីរសៀលមកដល់ល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចក្រុមទី៦ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ នៅត្រង់ចំណុចតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុមទី៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ និងនៅត្រង់ចំណុចតាមបណ្ដោយផ្លូវជាតិលេខ៥ ក្រុមទី៧ ភូមិខ ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ​។

លោកវរសេនីយ៍ទោ គល់ យី ​បានបញ្ជាក់ថា មុនឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង៩នាក់ ខាងលើនេះ ដោយសារតែមានការស្រាវជ្រាវ សហការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋ ដើម្បីរកពេលវេលាល្អណាមួយ ក្នុងការតាមលបឆ្មក់បង្ក្រាបប ដោយដកហូតបានឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងថ្នាំញៀនចំនួន១០កញ្ចប់ នៅខណៈដែលពួកគេទាំងនោះ កំពុងតែប្រមូលផ្ដុំគ្នាសង្ងំជក់គ្រឿងញៀន និងជួញដូរថ្នាំញៀន។

លោកអធិការបានបញ្ជាក់ទៀតថា ក្រុមជនសង្ស័យប្រុសស្រីទាំង៩នាក់ និងវត្ថុតាងពាក់ព័ន្ធសកម្មភាព ត្រូវបាននាំមកបន្តសាកសួរនៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ​ចាត់ការតាមនីតិវិធី៕​