(ក្រចេះ)៖ នគរបាលស្រុកសំបូរ ក្រោមការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដោយដកហូតបានថ្នាំញៀន២៣កញ្ចប់ ស្ថិតនៅ ឃុំសណ្ដាន់ ស្រុកសំបូរ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។

យោងតាមរបាយការណ៍បានបញ្ជាក់ថា នគរបាលស្រុកសំបូរ បានប្រើវិធានការញុះញង់ បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅតាមបណ្ដោយផ្លូវថ្នល់ក្នុងភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គីម មករា អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ភូមិ-ឃុំកើតហេតុខាងលើ។

របាយការណ៍បន្ដទៀតថា កម្លាំងនគរបាលបានដកហូតបានម្សៅក្រាមពណ៌ស២កញ្ចប់តូច លុះដល់ម៉ោង៣រសៀលថ្ងៃដដែល កម្លាំងក៏បន្តបង្រ្កាបមួយកន្លែងទៀត នៅផ្ទះជនសង្ស័យក្នុងភូមិថ្មី ឃុំសណ្ដាន់ ស្រុកសំបូរ ដោយឃាត់ខ្លួនម្ចាស់ផ្ទះឈ្មោះ មិន ផាន់នី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ហើយឆែកឆេរដកហូតបានម្សៅក្រាមពណ៌ស សង្ស័យគ្រឿងញៀន២១កញ្ចប់តូចបន្ថែមទៀត។

ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួនរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕