(ភ្នំពេញ)៖ ក្រុមហ៊ុនម៉ារីថាមអសិត ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុនម៉ារីថាមគ្រុប នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ «អគារការិយាល័យលំដាប់អន្តរជាតិ» តម្លៃប្រមាណ ៣០លានដុល្លារ ក្រោមអធិបតីភាពលោកឧកញ៉ា ហេង សិទ្ធី អគ្គនាយកក្រុមហ៊ុនម៉ារីថាមគ្រុប និងភរិយា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។

អគារការិយាល័យដែលចាប់ផ្ដើមបុកគ្រឹះសាងសង់នេះ មានកម្ពស់២៤ជាន់ ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលនឹងក្លាយទៅជាតំបន់ធុរកិច្ចដ៏មានសក្តានុពល ប្រមូលផ្ដុំទៅដោយអគារទំនើបៗ មជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតអន្តរជាតិ។

បច្ចុប្បន្ន ក្រុមហ៊ុនម៉ារីថាមគ្រុប បានសម្រេចគោលដៅមួយចំនួនទៅតាមចក្ខុវិស័យរបស់ខ្លួន ដើម្បីក្លាយជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ចម្រុះឈានមុខគេមួយនៅកម្ពុជា និងនៅក្នុងតំបន់ ដោយពង្រីកខ្លួនទៅលើវិស័យសំខាន់ៗជាច្រើន ដូចជាការអភិវឌ្ឍដីធ្លី និងអចលនទ្រព្យ។

មួយទៀតសោត ក្រុមហ៊ុនម៉ារីថាមគ្រុប ក៏កំពុងអភិវឌ្ឍន៍រមណីយដ្ឋាន SEA SENSE លំដាប់ផ្កាយ៥ នៅកោះស្រមោច ខេត្តព្រះសីហនុ ក្នុងនោះរួមមានបឹងហ្គាឡូ សណ្ឋាគារ វីឡាបែបគ្រួសារ កាស៊ីណូ ភោជនីយដ្ឋានមានម្ហូបអាហារចម្រុះ ទាំងមុខម្ហូបខ្មែរ និងបរទេស ដែលដំណាក់កាលទី១ កំពុងដំណើរការជាបណ្ដើរៗ ហើយនឹងបញ្ចប់នៅចុងឆ្នាំ២០១៩នេះ។ រីឯដំណាក់កាលទី២ និងទី៣ នឹងត្រូវបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២៣។

យុទ្ធសាស្ត្ររបស់ក្រុមហ៊ុនម៉ារីថាមគ្រុប គឺស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្តោតជាសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធឌីជីថល និងបច្ចេកវិទ្យាសារទូរគមនាគមន៍ និងព័ត៌មានវិទ្យា ដើម្បីបំប្លែងសេដ្ឋកិច្ចកម្ពុជាឱ្យក្លាយជាសេដ្ឋកិច្ចឌីជីថល ក្នុងពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីបង្កើនភាពប្រកួតប្រជែង និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង ដូចប្រទេសសមាជិកអាស៊ានដទៃទៀត ហើយដែលប្រជាពលរដ្ឋខ្មែរភាគច្រើន ចាំបាច់ត្រូវតែមានភាពជំនាញក្នុងការប្រើឧបករណ៍ឌីជីថល និងបច្ចេកវិទ្យាទំនើប ដើម្បីធ្វើឱ្យជីវិតផ្ទាល់ខ្លួន ក៏ដូចជាទីកន្លែងធ្វើការមានភាពល្អប្រសើរនោះ អគារការិយាល័យលំដាប់អន្តរជាតិមួយនេះ ដែលនឹងបំពាក់ដោយសម្ភារៈបរិក្ខារទំនើបៗ ពិតជានឹងរួមចំណែកធ្វើឱ្យអតិថិជនដែលប្រើប្រាស់អគារនេះជាទីស្នាក់ការរបស់ខ្លួន អាចនឹងមានការជ្រួតជ្រាបអំពីបច្ចេកវិទ្យាសារគមនាគមន៍ ដែលជាគន្លឹះក្នុងការបង្កើនល្បឿនការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា។

បន្ទាប់ពីការសាងសង់អគារការិយាល័យអន្តរជាតិមួយនេះ ក្រុមហ៊ុនម៉ារីថាមគ្រុប នឹងចាប់ផ្ដើមអនុវត្តន៍គម្រោងធំៗផ្សេងទៀត ដែលស្ថិតនៅក្នុងផែនការធុរកិច្ចមេរបស់ខ្លួន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕