(ភ្នំពេញ)៖ យុវជនម្នាក់ បានឆក់យកកាបូបស្ពាយពីស្រ្តីជនជាតិអង់គ្លេស កំពុងដើរជាមួយភក្តិ ត្រូវជាប់ខ្នោះរបស់កម្លាំងនគរបាល សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ខណៈបក្ខពួកម្នាក់ទៀតកំពុងស្វែងរកចាប់ខ្លួន ដើម្បីយកផ្ដទ្ទាទោសតាមច្បាប់។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចផ្លូវលេខ១៧៤កែង ផ្លូវព្រះនរោត្តម ភូមិ១៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។

មន្ដ្រីនគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ បានបញ្ជាក់ថា ជនសង្ស័យទី១៖ ឈ្មោះ អុន ស៊ីដេត អាយុ២០ឆ្នាំ (ជាអ្នកធ្វើសកម្មភាពឆក់) មានទីលំនៅភូមិព្រែកតាអុង ឃុំពាមឧញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល រួមជាមួយវត្ថុតាង ម៉ូតូម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GE-8005 ជាមធ្យោបាយ ជិះធ្វើសកម្មភាព និងកាបូបស្ពាយរបស់ជនរងគ្រោះ នាំមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះ ឡុង អាយុ២២ឆ្នាំ ជាអ្នកបើកម៉ូតូ បានរត់គេចខ្លួនចោលម៉ូតូបាត់។

ដោយឡែក ជនរងគ្រោះ មានឈ្មោះ CLARISSA MINNI ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិអង់គ្លេស មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 515990171 ស្នាក់នៅសណ្ឋាគារចល័ត។

ក្នុងនោះ ដកហូតបានវត្ថុតាងរួមមាន៖ កាបូបស្ពាយពណ៌ខ្មៅមួយ លិខិតឆ្លងដែនមួយលេខ 515990171, ទូរស័ព្ទដៃ២គ្រឿង ម៉ាកអាយហ្វូន៦ពណ៌ខ្មៅ និងម៉ាកសាំស៊ុងពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ) និងម៉ូតូម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GE-8005 លេខតួម៉ាស៊ីន 1700360 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។

ជាមួយគ្នានេះ កម្លាំងនគរបាល ក៏បានធ្វើតេស្តទឹកនោម លើជនសង្ស័យឈ្មោះ អន ស៊ីដេត ជាលទ្ធផលគឺវិជ្ជមាន (មានសារធាតុញៀន)។ ចំពោះមុខកម្លាំងនគរបាល បាននឹងកំពុងប្រើប្រាស់វិធានការជំនាញ សួរចំលើយរកបក្ខពួកសេសសល់ និងប្រវត្តិសកម្មភាពប្រព្រឹត្តបទល្មើសកន្លងមក៕