(បន្ទាយមានជ័យ​)៖ សមិទ្ធផល​ជា​ចំណងដៃ​ថ្មី គឺ​កុដិ​១​ខ្នង ដែល​កសាងឡើង​ដោយ​ក្រុមគ្រួសារ​នាយ​ឧ​ត្តម​​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​ ជូន​ដល់​វត្ត​សុវណ្ណ​គី​រី មាន​ទីតាំង​ស្ថិតនៅ​ភូមិ​វត្ត​ថ្មី ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។

កុដិ​១​ខ្នង​ដ៏​ថ្មីស្រឡាង​នេះ កសាង​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ ខេង សុមេធ និង​លោកស្រី​កុយ សាលី​ណា, ​លោក សោម ណា​រី និង​លោកស្រី យិ​ត ស្រស់ ព្រមទាំង​កូន​និង​ចៅ​ ត្រូវបាន​សម្ពោធ​បើកឲ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩​។

​ក្នុងឱកាស​សម្ពោធ​សមិទ្ធផល​ថ្មី​នេះដែរ នាយ​ឧ​ត្ត​ម​សេនីយ ខេង សុមេធ បាន​រំលឹក​អំពី​ប្រវត្តិ​ឈឺចាប់ ក្នុងសម័យ​សង្គ្រាម​ដែល​តំបន់​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ទាំងមូល បានខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម ហើយ​ប្រជាជន​បាន​រងទុក្ខវេទនា​ជា​ពន់ពេក ព្រោះថា​តំបន់​នោះ បាន​អូសបន្លាយ​សង្គ្រាម​រ៉ាំរ៉ៃ និង​បានបញ្ចប់​សង្គ្រាម​ក្រោយ​គេ​ថែម​ទៀតផង​។​

​នាយ​ឧ​ត្ត​ម​សេនីយ ​ខេង សុមេធ បានបន្ថែមថា តើនរ​ណាមួយ​ចង់បាន​សង្គ្រាម​ទៀត​នោះ? ​លោក​សង្កត់ធ្ងន់ថា គ្មាន​នរណាម្នាក់​ចង់បា​ន​វា​ទៀត​ទេ ព្រោះថា​បច្ចុប្បន្ន​ប្រទេស​មាន​សុខសន្តិភាព សុវត្ថិភាព ហើយ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​ពី​១​ឆ្នាំទៅ​១​ឆ្នាំ ​បាន​ឈានឡើង និង​ប្រជាជនមាន​ជីវភាព​ធូរធារ​ ហើយ​ពួកគាត់​កំពុងតែ​រស់នៅ​បាន​សុខសាន្ត​។​

​ជាមួយគ្នា​នោះ​ លោក​ក៏បាន​ផ្តាំផ្ញើ​ប្រជាពលរដ្ឋ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​រួមគ្នា​ថែរក្សា​ឲ្យបាន​នូវសន្តិភាព ដែល​កំពុង​កើតមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ត្រូវ​បន្ត​រួមគ្នា​អភិវឌ្ឍន៍​ប្រទេសជាតិ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​។​

​ក្នុងឱកាស​នោះដែរ នាយ​ឧ​ត្ត​ម​សេនីយ ខេង​សុមេធ និង​លោកស្រី កុយ​សាលី​ណា បាន​នាំយក​សារុង ក្រណាត់ស សម្ភារ​សិក្សា និង​ថវិកា ចែកជូន​ដល់​អ្នកចូលរួម​មាន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ មន្ត្រីរាជការ លោកយាយ លោកតា នគរបាល ប្រជា​ការពារ​ថែមទៀត​ផង​៕​