(កំពង់ធំ)៖ ដោយមើលឃើញពីការខ្វះខាត និងដើម្បីលើកស្ទួយវិស័យសុខាភិបាល ឲ្យមានភាពរីកចម្រើនទៅមុខជាជំហានៗតាមបច្ចេកវិទ្យា ស្របពេលដែលប្រទេសកំពុងអភិវឌ្ឍន៍ ឥតឈប់ឈរនោះលោក ថោង រដ្ឋសក្ដិ អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងលោក គង់ សូលីដា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសរណ៍ បាននាំយកសម្ភារសម្រាប់វះកាត់ និងសង្គ្រោះបន្ទាន់ និងបរិក្ខារពេទ្យជាច្រើនតម្លៃជាង៣០ម៉ឺនដុល្លារ យកមកប្រគល់ជូនមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។

ជាមួយគ្នានេះដែរ លោក ញ៉ែម ពីង ប្រធានការិយាល័យសុខាភិបាល ស្រុកប្រត្តិបត្តិបារាយណ៍-សន្ទុក បានថ្លែងអំណរគុណដល់លោក ថោង ខុន និងក្រុមការងារ ដែលបានជួយសម្ភារសម្រាប់វះកាត់ និងសង្គ្រោះបន្ទាន់ និងបរិក្ខារពេទ្យជាច្រើនតម្លៃជាង៣០ម៉ឺនដុល្លារ មកប្រគល់មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុកនេះ ក្នុងការជួយសម្រួលដល់ការលំបាក និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ក្នុងនាមលោកជាប្រធានការិយាល័យ និងក្រុមគ្រូពេទ្យ នឹងយកសម្ភារទាំងអស់នេះមកប្រើប្រាស់ឱ្យបានត្រឹមត្រូវ ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ៕