(ភ្នំពេញ)៖ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានបញ្ជាក់ឲ្យដឹងថា អគារពន្ធដារថ្មី ដែលមានកម្ពស់រហូតដល់៣៦ជាន់ ក្នុងទំហំទឹកប្រាក់វិនិយោគចំនួន៦០លានដុល្លារ នឹងលេចរូបរាង នៅក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ រាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុខនេះ។

ការបញ្ជាក់យ៉ាងដូច្នេះរបស់អ្នកឧកញ៉ា ពុង ឃាវសែ បានធ្វើឡើងក្នុងឱកាសដែលអ្នកឧកញ៉ា អញ្ជើញចុះចែកអំណោយ ជូនដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលស្ម័គ្រចិត្តចូលមករស់នៅក្នុង បុរីរុងរឿង នៃតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។

អ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់យ៉ាងដូច្នេះថា «បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីរុងរឿង នៃតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខ្ញុំសូមជូនដំណឹងល្អមួយ​ គឺជាអគារពន្ធដារ នឹងសាងសង់ឡើង នៅក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វាររបស់យើង ដែលមានកម្ពស់៣៦ជាន់ និងមានទំហំទឹកប្រាក់ចំនួន៦០លានដុល្លារ»

អគ្គនាយកក្រុមហ៊ុន OCIC រូបនេះ បានបន្ថែមទៀតថា ដូច្នេះមួយជួរផ្លូវ OCIC ក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ នឹងមានអគារខ្ពស់ៗ សាងសង់ឡើងជាបណ្ដើរៗ ជាបន្ដបន្ទាប់។

អ្នកឧកញ៉ា ពុង ឃាវសែ ក៏បានលើកឡើងផងដែរថា សព្វថ្ងៃនេះ ក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ កំពុងសាងសង់អគារធំៗ ជាច្រើនជាបន្ដបន្ទាប់ ដែលក្នុងនោះរួមមាន៖ អគារសាកលវិទ្យាល័យវិចិត្រសិល្បៈ, អគារពហុបច្ចេកទេស របស់សមាគមសម្ព័ន្ធ ខ្មែរ-ចិន, សាលាគយ, និងអគារទីស្ដីការអ្នកការសែត ដែលនឹងអាចសាងសង់រួច នៅបំណាច់ឆ្នាំ២០១៩នេះ៕