(ស្វាយរៀង)៖ ប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង បានសម្តែងការត្រេកអរយ៉ាងពន់ពេក និងអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់មណ្ឌលសុខភាពថ្មីស្រឡាង ដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះពួកគាត់ សម្រេចដូចក្តីបំណង ជាពិសេសតំបន់នេះជាទីរងគ្រោះគ្រាប់បែកគីមីអាមេរិកកាលពីសម័យសង្គ្រាម។

ពិធីសម្ពោធនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋជាង១.០០០នាក់។

លោកស្រី ម៉ែន សំអន បានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងកោតសរសើរដោយស្មោះ ប្រគេនថ្វាយចំពោះ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងជូនចំពោះអស់លោក លោកស្រី លោកតា លោកយាយ អាជ្ញាធរ​ដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលតែង​​តែបានចូលរួមចំណែក​អស់ពីកម្លាំងកាយចិត្ត ក្នុង​កិច្ចអភិវឌ្ឍនៅមូលដ្ឋានក្នុងពេលកន្លងមក រហូតធ្វើឲ្យ​មូល​ដ្ឋានភូមិ-ឃុំ នេះសម្រេច​បាន​នូវសមិទ្ធ​ផលថ្មីៗជាច្រើន។

ជាក់ស្តែង អគារមណ្ឌលសុខភាពគគីរថ្មីស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរ បានរួមចំណែកយ៉ាងសំខាន់​ ក្នុងការផ្តល់សេវាថែរទាំ និង​ព្យាបាលដល់ប្រជាពលរដ្ឋឥតគិតថ្លៃ ជា​ពិសេ​សស្រ្តី និង​កុមារ។ មិនត្រឹមតែផ្តល់ការថែទាំ និងព្យាបាលនៅក្នុងឃុំគគីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​អាច​ផ្តល់សេវាព្យាបាលជូនដល់បងប្អូន នៅតាម​បណ្តាឃុំនានាជុំវិញស្រុករមាសហែក ​ផងដែរ ពោលគឺនឹងរួមចំណែក ជំរុញការផ្តល់សេវាថែទាំ​សុខភាព នៅក្នុងខេត្តស្វាយ​​រៀង កាន់​តែប្រសើ​រ​ឡើង។

លោកស្រីបានថ្លែងបន្តថា អគារមណ្ឌលសុខភាព ដែលបាននិងកំពុងរួមគ្នាប្រារព្ធពិធី សម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បើទោះបីជាចំនួនប្រជាពលរដ្ឋនៅឃុំគគីរ នៅពុំទាន់សមាមាត្រសមស្រប នឹងបង្កើតមណ្ឌលសុខ​ភាព​យ៉ាងក្តី​។

ប៉ុន្តែដោយមានការគិតគូរអំពីសុខទុក្ខ ពិសេសបញ្ហាសុខភាពរបស់បងប្អូន ដែលរងគ្រោះដោយសារគ្រាប់បែកគីមី ដែលអាមេរិកបានទម្លាក់នៅចន្លោះ​ឆ្នាំ១៩៧០-១៩៧៥​ ទើបសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចផ្តល់ជូនអគារមណ្ឌ​លសុខភាពគគីរ ដ៏ថ្មីស្រឡាងនេះឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។

បន្ទាប់ពីក្រសួង​សុខាភិបាល បានរកឃើញថា មានបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារធាតុគីមី ឈ្មោះ អឺជែន អូរ៉េន (Agent Orange) ជាសារធាតុ ហឺបីសាយ (Herbicide) ដ៏សាហាវដែលបានប្រើប្រាស់នៅក្នុងសង្គ្រាម ដោយសារសហរដ្ឋអាមេរិកទម្លាក់ ​ដើម្បីកំទេចគំរបព្រៃឈើ និងកងទ័ពវៀតណាមខាងជើង និងទ័ពវៀតកុងនៅចន្លោះឆ្នាំ១៩៦១-១៩៧១។

លោកស្រី ម៉ែន សំអន បានថ្លែងបន្ថែមថា សារធាតុគីមីនេះ បានបណ្តាលឲ្យកើតចេញជារោគស​ញ្ញាមិនប្រក្រតីមួយចំនួនដូចជា៖ ក្បាលធំ ស្វិតដៃ ស្វិតជើង ថប់ដង្ហើម ប្រតិកម្ម-ស្បែក និងរមាស់ជាដើម។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែ​នាំទៅក្រសួងសុខាភិបាល ដាក់បងប្អូនប្រជាពលរដ្ឋក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលរងគ្រោះដោយសារសារធាតុគីមីអាមេរិក ទៅក្នុងកម្មវិធីសមធម៌ ពោលគឺទទួលបានការពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ។

ក្នុងរយៈពេល៤០ឆ្នំា​កន្លងមកនេះ រាជរដ្ឋាភិបាលបានរួមគ្នាជាកម្លំាងកសាង ​និងអភិវឌ្ឍន៍ប្រទេ​ស​ឡើងវិញលើគ្រប់​វិស័យ ​ក្នុង​នោះ ​ក៏មាន​វិស័យសុខាភិបាល ក៏​ជា​វិស័យ​​អទិភាព​មួយយ៉ាងសំខាន់​ ដែលរាជរដ្ឋា​ភិបាលបានយកចិត្តទុក​ដាក់ និងត្រូវ​បាន​អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស គួរឲ្យកត់​សំគាល់ ​ទំាងការស្តារ​ ​ការពង្រីកហេដ្ឋារចនា​សម្ព័ន្ធមូល​​​ដ្ឋាន​សុខាភិបាល​ ការអភិវឌ្ឍនិងការ​ពង្រីក​​សមត្ថភាពស្ថាប័ន ​​ការបង្កើន​សមត្ថ​ភាព​ធន​ធាន​មនុស្ស ឱ្យបាន​ឆ្លើយ​តប​ទៅ​នឹង​​​តម្រូវការ​ ផ្នែកសុខភាព​ជា​សា​​រ​វ័ន្ត របស់​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​​។

រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី​៦​​ នៃរដ្ឋសភា បាន​ប្តេជ្ញាចិត្តយ៉ាង​​មោះ​មុត​ជាបន្តទៀត ក្នុងការកាត់បន្ថយភាព​ក្រីក្រឲ្យបា​នជាអតិបរមា ​និងការធានា​នូវសូច​នាករ​សំខាន់​ៗ ​ក្នុងវិស័យសង្គមកិច្ច ជាពិសេសវិស័យសុខាភិបាល និងបន្ត​អនុវត្តន៍នូវគោលនយោបាយបង្កើន​វិ​សាល​​ភាព ប្រសិទ្ធភាព​ និងសេវាសុខភាពសាធារណៈឲ្យកាន់​តែប្រសើរ​ឡើ​ង​ ទទួល​បាននូវការជឿទុកចិត្ត ពីប្រជាពលរដ្ឋតាមរយៈការធ្វើកំណែទម្រង់ កាន់តែ​ស៉ីជំរៅ​​​ ខ្លំាង​ក្លា​ និងប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់៕