(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងអំពីល្បិចកលដែល លោក សម រង្ស៉ី កំពុងឃោសនាបំភាន់មតិជាតិ និងអន្តរជាតិអំពីការវិលត្រឡប់របស់លោក។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង បានប្រកាសថា លោក សម រង្ស៉ី ពេលនេះកំពុងអស់ក្រឡាដើរ ទាំងនៅលើឆាកអន្តរជាតិ និងនៅផ្ទៃក្នុងរបស់គាត់។

សម្ដេចក្រឡាហោម​ ស​ ខេង​ បានថ្លែងបែបនេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលេីកទី៤១​ អាណត្តិ​ទី​៥ របស់គណបក្សប្រជាជនកម្ពុជា​ នៅខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែមករា​ ឆ្នាំ​២០១៩​។

ការលើកឡើងរបស់សម្តេចក្រឡាហោម បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានប្រកាសវិលត្រឡប់មកប្រទេសកម្ពុជាដើម្បីអនុវត្តទោស ហើយឱ្យអតីតសកម្មជន និងអ្នកគាំទ្រ ចាំទទួលរូបលោក នៅពេលមកដល់ប្រទេសកម្ពុជា ខណៈដែលអ្នកវិភាគបានចាត់ទុកថា នេះគ្រាន់តែជាការប្រកាសខ្យល់ ដូចអ្វីដែលធ្លាប់ធ្វើកន្លងមកតែប៉ុណ្ណោះ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «សម រង្ស៉ី គឺអស់ក្រឡាហើយ ! បើគាត់មិនសម្រេចចិត្តអញ្ចឹង បើគាត់មិនចូលចប់ អន្តរជាតិក៏ចប់ ផ្ទៃក្នុងក៏ចប់ គាត់ធ្វើតេស្ត ក្រោយប្រជុំនៅអាត្លង់តា សហរដ្ឋអាមេរិក គាត់ចាប់ផ្តើមផ្សាយដើម្បីស្វែងរកការគាំទ្រនៅខាងក្នុង ដល់អញ្ចឹងអន្តរជាតិក៏អស់ ផ្ទៃក្នុងក៏អស់ អញ្ចឹងពេលហ្នឹង បើខ្លួនមិនធ្វើសកម្មភាពទេ គឺអស់ហើយ ប៉ុន្តែវាក៏ជាល្បិចដដែលជាវិធីសាស្រ្ត ដែលគាត់ធ្លាប់បានធ្វើ ហើយដើម្បីរក្សាកម្លាំងខាងក្នុង ដើម្បីឱ្យមើលឃើញថា សម រង្ស៉ី នៅតែជាមេដឹកនាំមានឥទ្ធិពល»

សម្តេចក្រឡាហោម ក៏បានបញ្ជាក់ដែរថា ការប្រកាសថានឹងវិលចូលប្រទេសរបស់ទណ្ឌិត សម រង្ស៉ី បែបនេះ មិនមែនជាលើកទី១នោះទេ។ សម្តេចបញ្ជាក់ថា មិនមាននរណាបណ្តេញ លោក សម រង្ស៉ី ចេញពីប្រទេសកម្ពុជាឡើយ កុំច្រឡំថាដីកាស្វែងរកចាប់ខ្លួនជាការបណ្តេញ ឯចូលមកវិញក៏ដូចគ្នាដែរ គ្មាននរណារារាំងគាត់ទេ ដោយសាររដ្ឋធម្មនុញ្ញមិនឱ្យនិរទេសជនជាតិខ្មែរទេ។

ទន្ទឹងនឹងការលើកឡើងបែបនេះ សម្តេចក្រឡាហោម ស ខេង បានចាត់ទុកថា សកម្មភាពរបស់ លោក សម រង្ស៉ី ពេលនេះ គឺជារឿងប្រថុយប្រថាន ដូចជាការប្រកាសខ្លួនជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិដែលរលាយបាត់ទៅហើយជាដើម។

សម្តេចលើកឡើងទៀតថា៖ «ឥឡូវថាចូលហើយ តើចូលរបៀបម៉េច នរណាជូនមក ហើយនរណាទៅទទួល ព្រោះឥឡូវអត់មាន។ ទី១៖ សម រង្ស៉ី អត់ត្រូវបានលើកលែងទោសដូចពីមុនទេ ពីមុនលើកលែងទោសដោយព្រះមហាក្សត្រ ឡាយព្រះហស្ថលើកលែងទោស នរណាទៅទទួលក៏បានដែរ មកតាមពោធិ៍ចិនតុង លើកនេះតើមកតាមណា តាមព្រលានយន្តហោះ តាមផ្លូវទឹក ឬតាមផ្លូវគោក? អញ្ចឹងអ្នកទៅទទួលតើទៅទទួលដោយហេតុផលអី នេះហើយជាចលនាមួយដែលនាំឱ្យស្រុកទេសអស្ថិរភាព»