(ភ្នំពេញ)៖ ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ដឹកនាំដោយ លោក មាន ចំណាប់ ជាអនុប្រធាននាយកដ្ឋាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ ​សហការ​ជាមួយមន្រ្តីជំនាញរបស់មន្ទីពិសោធន៍ បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈ នៅតាមស្ថានីយ និងដេប៉ូមួយចំនួន ដែលមានទីតាំងនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ត្រូវបានលោក មាន ចំណាប់ បញ្ជាក់ថា ធ្វើឡើងក្នុងគោលបំណង ការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ ការពារគ្រឿងម៉ាស៊ីន នៃយានជំនិះគ្រប់ប្រភេទ និងការពារបរិស្ថានដែលកើតចេញពីចំហេះប្រេងឥន្ធនៈមិនសមស្រប ​និងពិសេសដើម្បីទប់ស្កាត់ការកែ្លងបន្លំ។

លោកអនុប្រធាននាយកដ្ឋានរូបនេះ បន្ថែមថា ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ គឺផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹត មានមាឌ​ជាក់លាក់ សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពី​កុងទ័រ តាមទំហំផ្សេងខុសគ្នាមានចំណុះ ៥លីត្រ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត។

ជាលទ្ធផល នៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ និងដេប៉ូ​០៥​កន្លែ​ង នៅទីតាំងខាងលើ ក្នុងនោះដេប៉ូ​០២កន្លែង ឈ្មោះ TELA (ឈុន ស៊ុនហ៊ួរ) ផ្លូវ៩០៧កែង៦៨ សង្កាត់ទួលសង្កែ និង​ TELA ​ផ្លូវ៩៩ សង្កាត់ទួលសង្កែ មានកង្វះបរិមាណប្រេងមិនត្រឹមត្រូវ តាមបទដ្ឋានរង្វាស់រង្វាល់​។ ដេប៉ូ​០២កន្លែង ឈ្មោះ TELA (ទួលសង្កែ) ផ្លូវ៩០៧ ​សង្កា​ត់ទួលសង្កែ និង TELA (ប៊ុត ពុទ្ធា) ផ្លូវ៩០៧ មិនមានអនុលោមភាព ទាំងផ្នែកគុណភាព និងបរិមាណប្រេង មិនត្រឹមត្រូវតាមបទដ្ឋានរង្វាស់រង្វាល់​។

ក្រុមមន្ត្រីត្រួតពិនិត្យបានឲ្យម្ចាស់ស្ថានីយ និងដេប៉ូធ្វើកិច្ចសន្យាកែតម្រូវម៉ាស៊ីនលក់ប្រេង តាមការធ្វើព្យាសកម្ម ឲ្យបានត្រឹមត្រូវឡើងវិញ តាមរយៈស្ថាប័នមានសមត្ថកិច្ចជំនាញ។

លោកបានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់ ទូទាំងប្រទេស ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារ ចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់។ ចំពោះក្រុមហ៊ុន/ដេប៉ូ ដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈមិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះសោធនឹងត្រូវទទួលរងនូវចំណាត់​កា​រ តាមនីតិវិធីនៃច្បាប់ជាធរមាន។

លោកបន្ថែមថា អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មី លក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូត ដែលមានគុណភាពល្អហើយគ្រប់ចំនួនលីត្រ ពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ច មុនពេលចាក់តាមដានដំណើរការនៃលេខកុងទ័រ ដែលត្រូវចាប់ផ្ដើមជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេងរហូតដល់ចំនួនលីត្រចុងក្រោយ ដែលបានស្នើតាមដាន សេចក្តីជូនដំណឹងពីតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម។

ជាមួយគ្នានេះ ត្រូវប្រុងប្រយ័ត្ន សុវត្ថិភាពផ្នែកអគ្គីភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះ ពេលចាក់បំពេញប្រេងក្នុងស្ថានីយ និងសូមផ្តល់ព័ត៌មាន មកមន្រ្តីជំនាញកាំកុងត្រូល​ប្រចាំរាជធានី ខេត្ត ឬមកអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលបាតុភាពជាយថាហេតុណាមួយ៕