(បន្ទាយមានជ័យ)៖ លោក សាន​ ស៊ានហូ​ អភិបាលក្រុងប៉ោយប៉ែត និងលោក ខឹម​ ​ចិត្ត្រា ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ថ្មី​ ​នៅថ្ងៃទី​២១​ ខែមករា​ ឆ្នាំ២០១៩​នេះ បាន​ដឹកនាំមន្ត្រីក្រោមឱវាទ ជាច្រើននាក់ បោសសម្អាត លាងសម្អាត បរិស្ថានតាមដងផ្លូវជាតិបរិវេណរង្វង់មូល ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីប្រែក្លាយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឲ្យស្អាតផូរផង់រួមចំណែកលើកស្ទួយ កិត្យានុភាពជាតិ និងលើកកំពស់សុខមាលភាព។

លោក សាន​ ស៊ានហូ បានថ្លែងថា ការធ្វើពលកម្មសម្អាតតាមដងផ្លូវជាតិ និងជុំវិញក្រុង​ប៉ោយប៉ែតនេះ គឺយើងតែធ្វើជាប្រចាំ និងកម្មវិធីផ្សេងៗ ហើយសម្អាតប្រមូលសំរាម តាមដងផ្លូវសាធារណៈនេះ គឺយើងធ្វើឡើងក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ អាជីករ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន កាន់តែមានភាពជិតស្និតនឹងគ្នារស់នៅក្នុងសហគមន៍មួយរួមគ្នាត្រូវចេះស្រឡាញ់គ្នា ស្រឡាញ់បរិស្ថាន មានអនាម័យល្អ ទើបជិវិតរស់នៅមានសុខភាពល្អទាំងអស់គ្នា។

លោកអភិបាលក្រុង បានបន្តថា ម៉្យាងទៀត ការរួមគ្នាសម្អាតទីក្រុងនេះ គឺធ្វើឱ្យទីក្រុងស្អាត មានសោភ័ណ ភាពល្អ បរិស្ថានល្អ ប្រកបដោយអនាម័យប្រសិទ្ធិភាពខ្ពស់ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ភ្ញៀវជាតិ-អន្តរជាតិ​ចម្រុះជាតិសាសន៍ ដែលបានអញ្ជើញមកទស្សនា ប្រទេសកម្ពុជា និងប្រាសាទអង្គរវត្ត​ ខេត្តសៀមរាប​ និងតាមបណ្តាលខេត្តផ្សេងៗរបស់យើង គឺភ្ញៀវទាំងអស់ត្រូវឆ្លងកាត់ច្រក អន្តរជាតិប៉ោយប៉ែត ​មួយនេះសិនមុននឹងទៅដល់កន្លែងផ្សេងៗ។

ក្នុងនោះដែរ អាជ្ញាធរក្រុងប៉ោយប៉ែត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករលក់ដូរ តាមដងផ្លូវត្រូវរៀបចំសំរាមដាក់ក្នុង ស្បោងប្លាស្ទីក ហើយយកទៅដាក់ក្នុងធុងសំរាម ឱ្យបានត្រឹមត្រូវកុំចោលពាលវាលដែលជាហេតុធ្វើឱ្យបរិស្ថានយើងមិនល្អ។ ដូច្នេះយើងទាំង អស់គ្នា ត្រូវតែរួមគ្នា ការពារបរិស្ថានក្នុងប្រទេសយើង។

ជាមួយគ្នានេះដែរលោក ខឹម ចិត្ត្រា​ ជំរុញឱ្យមន្ត្រីថ្នាក់គ្រប់ជាន់ថ្នាក់ ព្រមទាំងអាជីវករ ប្រជាពលរដ្ឋ ឱ្យចូលរួមចំណែកទាំងស្មារតី សម្ភារ និងកម្លាំងចិត្ត កម្លាំងកាយក្នុងទិសដៅលុបបំបាត់ភាពកង្វក់ មានអនាម័យ គ្មានសំរាម គ្មានថង់ផ្លាស្ទិច គ្មានការក៏ស្ទះលូ ដើម្បីប្រែក្លាយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឱ្យស្អាតផូផង់រួមចំណែកលើកស្ទួយកិត្យានុភាពជាតិ និងលើកកំពស់សុខមាលភាព ប្រជាជនឱ្យកាន់តែល្អប្រសើរ៕