(កំពង់ធំ)៖ នៅ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ នៅរសៀលថ្ងៃទី១៨ ខែមករា​ ឆ្នាំ២០១៩ បាន​ចុះ​ហត្ថលេខា​ផ្ទេរ​ប្រគល់​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ ចំនួន​១៨​អដ្ឋិធាតុ​ ដែល​បាន​ជីក​រុករក​ឃើញ​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្តកំពង់ធំ ក្នុងជំហានទី១​ ដំណាក់កាល​ទី​១៨​ រដូវ​ប្រាំង​ឆ្នាំ​២០១៨-២០១៩​ ដែល​មាន​សមាសភាព​ភាគី​ថ្នាក់ដឹកនាំ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ​ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាមវិញ។

ប្រតិបត្តិការស្វែងរកអដ្ឋិធាតុនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំ គណៈកម្មការជីករុករកអដ្ឋិធាតុ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន​២៥​នាក់​ និង​ភាគី​ថ្នាក់ដឹកនាំ​បញ្ជាការ​ដ្ឋាន​យោធា​ខេត្ត​ប៊ិញភឿក​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ទ្រិញ ថាញ់តាម មេបញ្ជាការរង បញ្ជាការដ្ឋានយោធាខេត្តប៊ិញភឿក រួមជាមួយ​ក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុ​ (K72) ចំនួន​២២​នាក់​។

គួរ​បញ្ជាក់​ថា​​ អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ ដែល​កងកម្លាំង ​នៃបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ សហការ​ជាមួយ​ក្រុម​បច្ចេកទេស​ (K70+K72) រួមជាមួយ​អាជ្ញាធរ​ដែនដី​ប្រជាពលរដ្ឋ​ នៅ​ទូទាំង​ខេត្ត​កំពង់ធំ​ បាន​ជីក​រុករក​ឃើញ​តាំងពី​ឆ្នាំ​២០០៣​ រហូត​មក​ដល់​ពេល​នេះ​មាន​ចំនួន​១,១០០​អដ្ឋិធាតុ​រួច​ហើយ (ក្នុងនោះ​ ​សហការ​ជីក​យក​បាន​នៅ​ក្រៅ​ខេត្តកំពង់ធំ​ បានចំនួន០៨អដ្ឋិធាតុ)​ ដែលបានធ្វើមាតុភូមិនិវត្តន៍។

លោកបានថ្លែងបញ្ជាក់ទៀតថា «​យើងនឹង​បន្ត​សហការជីករុករកបន្តអដ្ឋិធាតុ ដែលនៅសេសសល់ប្រមាណ៣៥​ ទៅ​៤០​អដ្ឋិធាតុ​ទៀត​ នៅ​ជំហាន​ទី​២​ ដំណាក់កាល​ទី​១៨​ រដូវ​ប្រាំង​ឆ្នាំ​២០១៨-២០១៩​ នៅ​ពេល​ខាងមុខ​ទៀត»​៕