(ភ្នំពេញ)៖ ក្រោយរឹតបន្តឹងច្បាប់ចរាចរណ៍ ដែលបានដាក់ចេញកាលពីឆ្នាំ២០១៥ គឺក្នុងរយៈពេល៣ឆ្នាំមកនេះ កម្ពុជា បានកាត់បន្ថយគ្រោះថ្នាក់ចំនួន១.៩៣១លើក ខណៈដែល ឆ្នាំ២០១៨ កន្លងទៅនេះ កម្ពុជា បានកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ចំនួន ២៦៤លើក ស្មើនឹង៧ភាគរយ។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ តាមរយៈលទ្ធផលនៃកិច្ចប្រឹងប្រែងទាំងនេះ ឆ្នាំ២០១៨ កម្ពុជាបានកាត់បន្ថយគ្រោះថ្នាក់ចំនួន ២៦៤លើក ស្មើនឹង៧ភាគរយ កាត់បន្ថយអ្នកស្លាប់ចំនួន១៩នាក់ ស្មើនឹង១ភាគរយ កាត់បន្ថយអ្នករបួសចំនួន៧៦៩នាក់ ស្មើនឹង១៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៧។

សម្តេចបានបញ្ជាក់បន្តថា ប្រៀបធៀបមុនពេលរឹតបន្ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០១៥ រយៈពេលបីឆ្នាំជាបន្តបន្ទាប់ (ឆ្នាំ២០១៦-២០១៨) បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំនួន១.៩៣១លើក បានកាត់បន្ថយ អ្នកស្លាប់ចំនួន៧០៦នាក់ និងបានកាត់បន្ថយអ្នករបួសចំនួន៤.៥៣១នាក់។

ការថ្លែងរបស់ សម្តេចក្រឡាហោម ស​ ខេង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ។

ទន្ទឹមនឹងលទ្ធផលវិជ្ជមានខាងលើ កម្ពុជានៅតែបន្ដជួបបញ្ហាប្រឈមមួយចំនួន ក្នុងការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់អ្នកប្រើប្រាស់ផ្លូវ ជាមធ្យមក្នុងមួយថ្ងៃជិត៥នាក់ រងរបួសចំនួន១៥នាក់ ព្រមទាំងខូចខាតទ្រព្យសម្បត្តិជាច្រើនរយលានដុល្លារក្នុងមួយឆ្នាំៗ ដែលមានអត្រាខ្ពស់បើប្រៀបធៀបនឹងគ្រោះថ្នាក់សង្គមផ្សេងទៀត។

សម្ដេច ស ខេង ក៏បានបន្ថែមថា ផ្អែកលើទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្ហាញថាចំនួន៧៨% នៃជនរងគ្រោះដែលបានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាអ្នកប្រើប្រាស់ទោចក្រយានយន្ត ដែលក្នុងនោះមានជនរងគ្រោះដល់ទៅ​៧៨% មិនពាក់មួកសុវត្ថិភាព​។

តាមរបាយការណ៍បង្ហាញថា ​នៅឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើង៣,២៦៧ករណី ធ្លាក់ចុះ៧ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ចំណែកចំនួនអ្នកស្លាប់ បានធ្លាក់ចុះ១ភាគរយ ខណៈចំនួនអ្នករងរបួសបានធ្លាក់ចុះ១៤ភាគរយ។ តាមរយៈតួលេខនេះមធ្យមក្នុង១ថ្ងៃ មនុស្សប្រហែល៥នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។

តាមរបាយការណ៍ស្ថានភាពពិភពលោក ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់អង្គការសុខភាពពិភពលោក គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានជាប់ចំណាត់ថ្នាក់ទី៩ នៃគ្រោះថ្នាក់សង្គមដោយបានសម្លាប់មនុស្សប្រមាណ ១.២៥០.០០០ (មួយលានពីរសែនប្រាំម៉ឺន)នាក់ និងរងរបួសប្រមាណ៥០លាន់នាក់ ព្រមទាំងខាតបង់ដល់សេដ្ឋកិច្ចអស់ជាច្រើនជារៀងរាល់ឆ្នាំ នៅទូទាំងពិភពលោក៕