(វៀតណាម)៖ ក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៣៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងហាឡុង ប្រទេសវៀតណាម អាស៊ានបានទទួលស្គាល់សហគមន៍ទេសចរណ៍កម្ពុជាចំនួន៣ ផ្ទះស្នាក់កម្ពុជាចំនួន៥ អាជីវកម្មស្ប៉ាកម្ពុជាចំនួន៥ និងបង្គន់អនាម័យសាធារណៈកម្ពុជាចំនួន៥​

ដែលមានគុណភាពសេវាកម្មស្របតាមស្តង់ដា ដែលបានដាក់ចុះឱ្យអនុវត្តដោយសមាគមអាស៊ាន​។​

លោក​ ថោង​ ខុន​ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បា​នប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី១៨ ខែមករា នេះថា​ កម្ពុជាមានកិត្តិយសណាស់ដែលទទួលបានរង្វាន់ពីអាស៊ាន។​ នេះសបញ្ជាក់ថា​ គុណភាពសេវាទេសចរណ៍កម្ពុជាកំពុងត្រូវបានទទួលស្គាល់​ថា ជាសេវាកម្មទេសចរណ៍ដែលអាចផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ​ និងអាចធ្វើការប្រកួតប្រជែងក្នុងតំបន់​ និងពិភពលោក។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សេវាកម្មទេសចរណ៍ ដែលទទួលបានកិត្តិយសទទួលរង្វាន់ស្តង់ដាអាស៊ាន រួមមាន៖

​១៖ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ស្តង់ដាអាស៊ាន ក្នុងនោះមានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ខេត្តកោះកុង សហគមន៍ទេសចរណ៍បន្ទាយឆ្មារ​ ខេត្តបន្ទាយមានជ័យ និងសហគមន៍ទេសចរណ៍កំពង់ភ្លុក​ ខេត្តសៀមរាប។

​២៖ ផ្ទះស្នាក់ស្តង់ដាអាស៊ាន ក្នុងនោះមានផ្ទះស្នាក់បាណាណា​ក្នុងសហគមន៍ទេសចរណ៍រុនតាឯក​ ខេត្តសៀមរាប ផ្ទះស្នាក់តាំងងិន​ក្នុងសហគមន៍ទេសចរណ៍ជីផាត​ ខេត្តកោះ​កុង ផ្ទះស្នាក់ខឿនស្រីមុំក្នុងសហគមន៍ទេសចរណ៍​បន្ទាយឆ្មារ​ ខេត្តបន្ទាយមានជ័យ ផ្ទះស្នាក់ទន់សារិនក្នុងសហគមន៍ទេសចរណ៍កំពង់ឃ្លាំង​ ខេត្តសៀមរាប និងផ្ទះស្នាក់ឥសាន្តបុរី៥​ក្នុងសហគមន៍ទេសចរណ៍សំបូរព្រៃគុក​ ខេត្តកំពង់ធំ។

​៣៖ សេវាស្ប៉ាស្តង់ដាអាស៊ាន ក្នុងនោះមានសេវាស្ប៉ា SO SPA with L’OCCITANCE សេវាស្ប៉ា SPA Temple សេវាស្ប៉ា Sunnaline SPA សេវាស្ប៉ា Jasmine SPA និងសេវាស្ប៉ា SPA at NAGA World។

​៤៖ បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ាន ក្នុងនោះមានបង្គន់អនាម័យសាធារណៈសួនសម្តេចក្រទ្បាហោម ស​ ខេង បង្គន់អនាម័យសាធារណៈសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បង្គន់អនាម័យសាធារណៈគ្រឹះស្ថានអង្គរ បង្គន់អនាម័យសាធារណៈព្រះនាងប្រាជ្ញាបរមី និងបង្គន់អនាម័យសាធារណៈមណ្ឌលព័ត៌មានទេសចរណ៍។

សូមបញ្ជាក់ថា​ កន្លងមក អាស៊ានបានដាក់ឱ្យអនុវត្តនូវស្តង់ដាគុណភាពដល់ប្រទេសសមាជិក រួមមាន៖​ ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន​ ស្តង់ដាសហគមន៍ទសចរណ៍អាស៊ាន​ ស្តង់ដាបង្គន់សាធារណៈអាស៊ា​ន​ ស្តង់ដាសណ្ឋាគារបៃតងអាស៊ាន​ ស្តង់ដាស្ប៉ាអាស៊ាន​ ស្តង់ដាផ្ទះស្នាក់អាស៊ាន​ និងស្តង់ដាបន្ទប់ប្រជុំអាស៊ាន (MICE)៕