(សៀមរាប)៖ គណៈប្រតិភូមកពីប្រទេសកាណាដាមួយក្រុម នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បានជួបពិភាក្សាការងារជាមួយអាជ្ញាធរជាតិអប្សរា នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រោមវត្តមានលោក សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងលោក Geng Tan សមាជិករដ្ឋសភានៃរដ្ឋ Ontario ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ ការងារជាមួយអាជ្ញាធរជាតិអប្សរា។

លោក សុខ សង្វារ បានពន្យល់ពីកាលប្រវត្តិសំខាន់ៗ នៃរមណីយដ្ឋានអង្គរ ក៏ដូចជាការងាររបស់អាជ្ញាធរជាតិអប្សរា លើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ តាំងពីពេលដែលអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រឈមនឹងគ្រោះថ្នាក់ក្នុងឆ្នាំ១៩៩២ រហូតរមណីយដ្ឋាននេះរួចផុតពីបេតិកភណ្ឌ ដែលប្រឈមនឹងគ្រោះថ្នាក់ក្នុងឆ្នាំ២០០៤។

ជាមួយគ្នានេះ លោកក៏បានអនុញ្ញាតឲ្យមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ៣រូប ធ្វើបទបង្ហាញដល់គណៈប្រតិភូ ដែលបង្ហាញអំពីការអភិរក្សប្រាសាទ ការអភិវឌ្ឍក្នុងវិស័យទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។

លោក Michael Chan (មីឆែល ចាន់) អតីតរដ្ឋមន្រ្តីក្រសួងទេសចរណ៍កាណាដា បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា លើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ នាពេលកន្លងមក។

លោក Geng Tan បានឱ្យដឹងថា រមណីយដ្ឋានអង្គរជាតំបន់ពុទ្ធសាសនាដ៏ធំមួយ។ លោកយល់ថា រមណីយដ្ឋានអង្គរនឹងមានសក្តានុពលកាន់តែខ្លាំង ក្នុងការស្រូបទាញទេសចរ បើរៀបចំឲ្យទៅជាផ្នែកមួយ នៃតំបន់ធម្មយាត្រារបស់ពុទ្ធសាសនិកជនជុំវិញពិភពលោក។ ការយល់ឃើញដូច្នេះ បន្ទាប់ពីលោកបានស្តាប់បទបង្ហាញ ដែលបញ្ជាក់អំពីភាពរស់នៃរមណីយដ្ឋានអង្គរ តាមរយៈកិច្ចប្រតិបត្តិជំនឿសាសនារបស់អ្នកស្រុកអង្គរយ៉ាងខ្ជាប់ខ្ជួនសព្វថ្ងៃ។

កុងស៊ុលកិត្ដិយសកម្ពុជា ប្រចាំរដ្ឋ Ontario លោកម ឈួរ ឆាត ចង់ឱ្យមានទំនាក់ទំនងជិតស្និទ្ធរវាងអាជ្ញាធរជាតិអប្សរា និងកាណាដា ពិសេសគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិកាណាដា ហៅកាត់ថា CIDA ដើម្បីបន្ដអភិវឌ្ឍន៍តំបន់នេះឱ្យកាន់តែប្រសើរទៅមុខទៀត។

បន្ថែមពីនេះគណៈប្រតិភូកាណាដា ចង់ឱ្យមានកិច្ចសហការផ្នែកអប់រំបេតិកភណ្ឌ និងចង់ឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងក្រសួងបេតិកភណ្ឌកាណាដា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ទៅថ្ងៃអនាគតផងដែរ៕