(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩នេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិនតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង។

ដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិននាពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសចិនលើកទី៦ហើយ សម្រាប់សម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជើញបំពេញទស្សនកិច្ចលើកដំបូងនៅខែកុម្ភៈ ឆ្នាំ១៩៩៩, លើកទី២ នៅខែមេសា ២០០៤, លើកទី៣ នៅខែធ្នូ ២០១០, លើកទី៤ នៅខែមេសា ២០១៣, លើកទី៥ នៅខែឧសភា ឆ្នាំ២០១៧ និងលើកទី៦ នៅខែមករា ឆ្នាំ២០១៩ ចុងសប្តាហ៍នេះ។

ក្រៅពីដំណើរទស្សនកិច្ចជាផ្លូវការទាំង៦លើកនេះ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានអញ្ជើញទៅកាន់ប្រទេសចិនជាច្រើនលើកផ្សេងទៀតផងដែរ ដើម្បីចូលរួមកិច្ចប្រជុំ និងវេទិការផ្សេងៗ ដែលរៀបចំឡើងនៅក្នុងប្រទេសចិន។

បើយោងតាមក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការលើកទី៦នេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបសម្តែងការគួរសមជាមួយ លោក ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតីចិន លោក លីចាន់ស៊ូ (LiZhanshu) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន លោក វ៉ាង យ៉ាង (Wang Yang) ប្រធានសភាប្រឹក្សានយោបាយចិន និងជួបពិភាក្សាទ្វេភាគីជាមួយ និងលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីចិនផងដែរ។ ការជួបពិភាក្សានឹងផ្តោតទៅលើការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។

ក្រៅពីជំនួបខាងលើ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាដោយ លោករដ្ឋមន្ត្រី សុង តាវ ប្រធានមន្ទីរទំនាក់ទំនងអន្តរជាតិរបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន និងលោកស្រី គូ សៀវលៀន ប្រធានសមាគមមិត្តភាពចិន-កម្ពុជា និងថ្នាក់ដឹកនាំធុរៈកិច្ចចំនួន៤រូបទៀតពីធនាគារចិន សាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន និងក្រុមហ៊ុនហួណេងគ្រុប។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសចិន សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញទៅទស្សនាការតាំងពិព័រណ៍ខួបអនុស្សាវរីយ៍លើកទី៤០ នៃ «កំណែទម្រង់ និងការបើកទូលាយ» ប្រទេសចិន អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្ម កម្ពុជា-ចិន ឆ្នាំ២០១៩ និងជួបសំណេះសំណាល ជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសចិនផងដែរ។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន បានបង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិននាពេលនេះ នឹងធ្វើទំនុកចិត្តលើផ្នែកនយោបាយរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរនឹងឈានទៅកាន់កម្រិតមួយថ្មីទៀត។

លោកឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់ដូច្នេះ «យើងនឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ហើយនឹងបង្កើតកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តន៍ច្បាប់នៃប្រទេសទាំងពីរ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា»

លោក វ៉ាង វិនធាន បានបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នឹងផ្តោតសំខាន់ទៅលើការងារចំនួន៤ រួមមាន៖

ទី១. ធ្វើឲ្យទំនុកចិត្តផ្នែកនយោបាយរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ ជាពិសេសភាគីទាំងពីរនឹងបង្កើនការតភ្ជាប់គ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើអភិបាលកិច្ចក្នុងការរក្សាប្រយោជន៍រួមគ្នា។

ទី២. លើកកម្រិតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយបង្កើនការតភ្ជាប់គ្នាតាមរយៈកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្រចតុកោណនៃប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិនិយោគ កសិកម្មជាដើម ដើម្បីផ្តល់ផលប្រយោជន៍កាន់តែទូលំទូលាយសម្រាប់ប្រទេសយើងទាំងពីរ និងនាំសុភមង្គលកាន់តែច្រើនជូនប្រជាជនប្រទេសទាំងពីរ។

ទី៣. ពង្រីកការផ្លាស់ប្តូរខាងវប្បធម៌រវាងប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការលើបញ្ហាយុវជន ទេសចរណ៍ វប្បធម៌ជាដើម ដើម្បីបង្កើនការស្វែងយល់គ្នាទៅវិញទៅមករវាងប្រជាជនប្រទេសទាំងពីរ ដើម្បីធធ្វើឲ្យការប្រាស្រ័យទាក់ទងគ្នាកាន់តែល្អប្រសើរថែមទៀត។

ទី៤. បង្កើនកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តន៍ច្បាប់រវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបទល្មើសឆ្លងព្រំដែន ក៏ដូចជាការលេងល្បែងស៊ីសងខុសច្បាប់មួយចំនួន ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក៏ដូចជាប្រយុទ្ធប្រឆាំងតាមប្រព័ន្ធទូរគមនាគមន៍ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនជាដើម ដើម្បីធានាភាពរឹងមាំក្នុងការអភិវឌ្ឍសង្គម ក៏ដូចជាពង្រឹងទំនាក់ទំនងទ្វេភាគីចិន និងកម្ពុជា រួមទាំងនយោបាយខ្សែក្រវាត់ និងផ្លូវ៕