(ភ្នំពេញ)៖ បន្ថែមពីលើការប្រចាំការត្រួតពិនិត្យទំនិញ នៅក្នុងផ្សាររៀងរាល់ថ្ងៃ ដើម្បីពង្រឹងកិច្ចការការពារសុខុមាលភាពប្រជាពលរដ្ឋ នៅថ្ងៃ១៨ ខែ​មករា ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ ស​ហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម បាននាំយករថយន្តពិសោធន៍ចល័ត ចុះធ្វើការត្រួតពិនិត្យផលិតផលចំណីអាហារនៅក្នុងផ្សារចំនួន៥រួមមាន៖ ផ្សារធំច្បារអំពៅ ផ្សារបន្លែរច្បារអំពៅ ផ្សារព្រែកប្រា ផ្សារចំពុះក្អែក និងផ្សារព្រែកឯង។

ក្រុមការងារបានបានយកគំរូផលិតផលចំនួន៩៥ នៃផលិផលចំណីអាហារមកធ្វើការវិភាគ ជាលទ្ធផល សណ្តែកគួរទំងន់៥គីឡូក្រាម មាននៅសល់សំណល់ថ្នាំសំលាប់សត្វល្អិត ត្រូវបានមន្រ្តីយើងរឹបអូសយកទៅកំទេចចោល ដោយតម្រូវឲ្យម្ចាស់ធ្វើកិច្ចសន្យាបញ្ឈប់ ការប្រើប្រាស់ថ្នាំ សម្លាប់សត្វល្អិតលើសកំរិតកំណត់ និងរក្សាទុករយៈពេល តាមកាលកំណត់នៅតាមបច្ចេកទេសមុននឹងប្រមូលមកលក់នៅលើទីផ្សារ។

លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការទាំងអស់នេះ ត្រូវបានអនុវត្តជាប្រចាំនៅតាមបណ្តាមូលដ្ឋាន ទទួលខុសត្រូវរបស់សាខាទូទាំងរាជធានី ខេត្ត ក្រុង ក្រោមការចង្អុលបង្ហាញយ៉ាងយកចឹត្តទុកដាក់ពីថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានកាំកុងត្រូល និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម។

លោកបានបន្តថា កិច្ចការងារចុះអង្កេត និងត្រួតពិនិត្យនៅក្នុងទីផ្សារ គឺនៅតែបន្តធ្វើ និងពង្រឹងសកម្មភាពកាន់តែសកម្មជាងមុន សំដៅបង្កើនជំនឿទុកចិត្ត និងការពារសុខុមាលភាព របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ តាមរយៈការជួយបង្ការ ឲ្យជៀសផុតពីជម្ងឺ រោគាដែលបណ្តាលមកពីការបរិភោគ ចំណីអាហារចំលងមេរោគ និងមានលាយសារធាតុគីមីពុលនៅក្មុងនោះ។

នៅក្នុងប្រតិបត្តិការនេះដែរ មន្រ្តីកាំកុងត្រូលបានធ្វើការពន្យល់ណែនាំដល់អាជីវករ ឲ្យធ្វើការដាក់តាំងលក់ផលិតផលបានត្រឹមត្រូវ រក្សាបាននូវអនាម័យ ជៀសវាងការលាយដាក់ សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ការទិញទំនិញយកមកដាក់តាំងលក់ បន្តត្រូវស្គាល់ប្រភពឲ្យច្បាស់ទាំងឈ្មោះ អាស័យដ្ឋានចែកចាយ ផលិត វិក័យបត្រ និងលេខទូរស័ព្ទទំនាក់ទំនង ព្រមទាំងបានធ្វើការពន្យល់ដល់ប្រជាពលរដ្ឋ និងអាជីករនូវរបៀបពិនិត្យមើល ថ្ងៃខែឆ្នាំផលិត និងថ្ងៃខែឆ្នាំ(កាលបរិច្ឆេទ)ផុតកំណត់។

យើងសង្កេតឃើញថា ប្រជាពលរដ្ឋ និងអាជីវករ មានការសាទរចំពោះការយកចិត្តទុកដាក់ការត្រួតពិនិត្យ និងការអប់រំរបស់មន្រ្តីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ រកសារធាតុគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់​ផងដែរ៕