(បន្ទាយមានជ័យ)៖​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុង នៅថ្ងៃទី១៨ ខែមករា​ ឆ្នាំ២០១៩នេះ បានបញ្ជូនជនសង្ស័យ ស្រី-ប្រុស ចំនួន៥នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ បន្ទាប់ពីកម្លាំងសមត្ថកិច្ច បានចុះប្រតិបត្តិការឃាត់ខ្លួនបាន ជនសង្ស័យជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចស្រះស្ទួចត្រី ស្ថិតក្នុងភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាន អំពីករណីខាងលើ និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការដល់កន្លែងកើតហេតុ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់បានចំនួន៥នាក់ ដែលមាន៖

ទី១៖ ឈ្មោះ នៅ ធារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តដឹកទំនិញ បច្ចុប្បន្នស្នាក់នៅភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
ទី២៖ ឈ្មោះ ផៃ សិដារុន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ឥវ៉ាន់តាមអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ
ទី៣៖ ឈ្មោះ ឈុន វុត្ថា (ហៅមាន់) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
ទី៤៖ ឈ្មោះ ផល សុភារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
ទី៥៖ ឈ្មោះ ព្រិម ជូស៊ីមិង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

សមត្ថកិច្ចបានឱ្យដឹងបន្តថា នៅក្នុងប្រតិបត្តិការណ៍នោះ បានដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនកេតាមីនទឹក ចំនួន៣០ដបស្មើ ៣០០ក្រាម, គ្រឿងញៀនកេតាមីន (ម្សៅម៉ត់) ចំនួន ១១កូនថង់កិប ស្មើ៨.១ក្រាម, គ្រឿងញៀនអ៊ិចស្តាស៊ីពណ៌ខៀវ រាងត្រីកោ ចំនួន៥០គ្រាប់ ស្មើ ២២.០៦ក្រាម, គ្រឿងញៀនអ៊ិចស្តាស៊ីពណ៌ទឹកក្រូចចំនួន ៥គ្រាប់ ស្មើ ១.៧១ក្រាម, សំបកដបកេតាមីន ចំនួន៣ដប, រថយន្ត ២គ្រឿង, ម៉ូតូ១គ្រឿង, ទូរស័ព្ទដៃ៥គ្រឿង, កាបូបលុយ១, កាតចេញ-ចូលផ្សារថៃ១សន្លឹក រួមទាំងកូនថង់ និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួនទៀត។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានឱ្យដឹងដែរថា បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យទាំង ៥នាក់ខាងលើបានសារភាពថា ពួកគេគ្រាន់តែជាអ្នកប្រើប្រាស់ទេ ចំណែកគ្រឿងញៀន ដែលសមត្ថកិច្ចរឹបអូសបាន ក្នុងបន្ទប់របស់ពួកគេ ជារបស់ជនជាតិថៃម្នាក់ឈ្មោះ ភីណង។

សូមបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើមិនបានបញ្ជាក់ ពីអត្តសញ្ញាណជនជាតិថៃច្បាស់លាស់ដល់សមត្ថកិច្ចនោះឡើយ ទាំងនេះគ្រាន់តែជាចម្លើយដោះសារ របស់ជនសង្ស័យតែប៉ុណ្ណោះ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍ របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕