(ភ្នំពេញ)៖ ឆ្លេីយតបការផ្សព្វផ្សាយថា មានក្រុមហ៊ុនចិនកំពុងធ្វើអាជីវកម្មលើភ្នំឈើកាច់ ខេត្តព្រៃវែងដោយគ្មានច្បាប់ និងបានរក្សាទុកគ្រឿងផ្ទុះមិនមានការប្រុងប្រយ័ត្ននោះ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ ក្រសួងរ៉ែ និងថាមពល បានចេញមកបំភ្លឺថា ក្រុមហ៊ុនចិនធ្វើអាជីវកម្មនៅតំបន់ភ្នំស្វាយសាមសិប ស្រុកបាភ្នំ មិនមែនភ្នំឈើកាច់ ដែលស្ថិតក្នុងតំបន់អភិរក្សឡើយ។

តាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះ ក្រសួងរ៉ែ បានបញ្ជាក់ទៀតថា ក្រុមហ៊ុន សំណង់ ឡុងណាំ អ៊ិចស៊ីម នេះទទួលបានអាជ្ញាបណ្ណអណ្ដូងរ៉ែបើក និងការដ្ឋានវាយថ្ម ពីក្រសួងរ៉ែ និងថាមពល មិនមែនជាក្រុមហ៊ុនដែលគ្មានច្បាប់ ដូចការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានឡើយ។

ដោយឡែក ចំពោះបញ្ហាហុយធូលីលើផ្ទះប្រជាពលរដ្ឋ ក្រសួងបានធ្វើការណែនាំឲ្យក្រុមហ៊ុនបង្កើន ការប្រើប្រាស់ប្រព័ន្ធបន្ស៊ើមពេលដំណើរការកិនថ្ម និងធ្វើការស្រោចទឹកតាមផ្លូវចេញចូលការដ្ឋាន។ ក្រសួងនឹងបន្ដតាមដានការអនុវត្តរបស់ក្រុមហ៊ុនជាប្រចាំ ក្នុងករណីការហុយធូលីនេះ នៅតែបន្ដកើតឡើង ក្រសួងនឹងចាត់វិធានការម៉ឺងម៉ាត់ចំពោះក្រុមហ៊ុន។

ក្រសួងបញ្ជាក់បន្ថែមថា ការគ្រប់គ្រងបរិមាណរំសេវ និងការស្ដុកទុកសម្ភារបំផ្ទុះថ្ម គឺស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ប៉ុន្ដែក្រសួងរ៉ែ និងថាមពល នឹងសហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីពង្រឹងការត្រួតពិនិត្យ និងគ្រប់គ្រងរំសេវទាំងនោះ នៅការដ្ឋានថ្មឲ្យកាន់តែប្រសើរថែមទៀត ដើម្បីធានានូវសុវត្ថិភាពដល់កម្មករ​ក្នុងការដ្ឋាន និងប្រជាពលរដ្ឋជុំវិញការដ្ឋាន៕​