(ភ្នំពេញ)៖ AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានតម្លៃទាបបំផុតនៅលើពិភពលោកអស់រយៈពេល១០ ឆ្នាំមកនេះ បានឲ្យដឹងថា បើតាមក្រុមហ៊ុន Skytrax បានបន្តណែនាំជើងហោះហើរទៅកាន់ប្រទេសកម្ពុជា និងបានភ្ជាប់ប្រទេសនេះទៅកាន់១៣០ គោលដៅផ្សេងៗគ្នានៅទូទាំងអាស៊ីអាគ្នេយ៍ និងទ្វីបអាស៊ី ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ធ្វើការហោះហើរពីទីក្រុងចំនួន៣ ពីប្រទេសកម្ពុជា គឺពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ
ទៅកាន់គោលដៅចំនួន៦គោលដៅពី ក្រុងភ្នំពេញ - បាងកក (ដនមឿង),ក្រុង ភ្នំពេញ - កូឡា ឡាំពួរ, ពីខេត្តសៀមរាប - បាងកក (ដនមឿង), ខេត្តសៀមរាប - កូឡាឡាំពួរ, ខេត្តសៀមរាប - ភូកេត និង ខេត្តព្រះសីហនុ - កូឡា ឡាំពួរ។

លើសពីនេះទៅទៀត ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានផ្តល់នូវការតភ្ជាប់ជាងជើងហោះហើរ ទៅកាន់គោលដៅជាច្រើនទៀតរហូតដល់១១០ គោលដៅ ដូចជា កូរ៉េខាងត្បូង ជប៉ុន កោះបាលី ហុងកុង និងសិង្ហបុរី ជាដើម។

នៅឆ្នាំ២០១៨ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានដឹកជញ្ជូនអ្នកដំណើរជាង ១.២៦លាននាក់ទៅ និងមកកាន់កម្ពុជា ដោយរក្សាបាននូវកត្តាផ្ទុកជាមធ្យម ៧៨% ដែលបានបង្ហាញសុទ្ធតែសញ្ញានៃការកើនឡើង នៃអ្នកដំណើររបស់ខ្លួន បានធ្វើដំណើរក្នុងគោលដៅទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងគាំទ្រដល់កំណើនសេដ្ឋកិច្ច នៅក្នុងប្រទេសទាំង៣ រួមមានប្រទេសកម្ពុជា ថៃ និងម៉ាឡេស៊ី។

លោកស្រី Laddawan ប្រធានផ្នែកផលិតផលប្រចាំទីផ្សារឥណ្ឌូចិន បានថ្លែងក្នុងឱកាសរៀបចំពិធីពិសាអាហារពេលល្ងាច និងផ្ដល់រង្វាន់ ជូនអ្នកសារព័ត៌កម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នាភោជនីយដ្ឋាន ទន្លេបាសាក់I ថា «កម្ពុជា ឡាវ ភូមា និងប្រទេសវៀតណាម មានសក្តានុពល ដ៏អស្ចារ្យ ហើយយើងគួរតែមើលឃើញផ្លូវថ្មី និងសកម្មភាពសប្បាយរីករាយជាច្រើន ពីក្រុមហ៊ុនអាកាសចរណ៍ AirAsia នៅកម្ពុជា។ យើងសង្ឃឹមថា យើងនឹងទទួលបានការគាំទ្រពីប្រជាជនកម្ពុជា»

លោកស្រី Laddawan Meesupwatana បន្ដថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បន្តផ្ដល់សេវាលំដាប់ថ្នាក់ពិភពលោក និងបន្ថែមការតភ្ជាប់ទៅកាន់ថ្មីៗទៀតទូទាំងអាស៊ីអាគ្នេយ៍។ ហើយពេលនេះប្រទេសថៃ នៅតែជាគោលដៅកំពូល សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការដើរទិញឥវ៉ាន់ និងម្ហូបអាហារ ចំណែកប្រទេសម៉ាឡេស៊ីវិញ គឺជាគោលដៅពេញនិយម សម្រាប់ឱកាសពាណិជ្ជកម្ម និងវិនិយោគ ៕