(បាត់ដំបង)៖ លោក ចាប សុថារិទ្ធ រដ្ឋលេខាធិការ តំណាងឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន​ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការ​កិច្ច នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែងផ្លូវការរបស់លោក ប៊ុត ម៉ក់ ជាប្រធានមន្ទីរទំនាក់ទំនង ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបាត់ដំបង ជំនួសលោក អៀរ វ៉ាន់នី ដែល​ចូលនិវត្តន៍​។

ថ្លែងក្នុងឱកាសនោះ លោក ចាប សុថារិទ្ធ ​បានរំលឹកណែនាំប្រធានមន្ទីរថ្មី ត្រូវអនុវត្តការងារឲ្យស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ក៏ដូចជាអនុសាសន៍របស់ ប្រ​មុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំពេញបេសកម្មការងារ ជាមួយអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ និងបម្រើប្រ​ជា​ជនដោយស្មោះត្រង់ ទទួល​ភារកិច្ច ដឹកនាំ គ្រប់គ្រង សម្រប​សម្រួល លើ​គ្រប់​វិស័យ ស្របតាមបេសកកម្ម​ចំបង​​​របស់​ក្រសួង។

ពិសេសគឺ​តាម​ដាន​ការអនុវត្ត​ច្បាប់ ទប់​ស្កាត់​អំពើពុក​រលួយ ភាពអយុត្តិធម៌ក្នុងសង្គម និងការរំលោភ​បំពានដោយប្រើ​អំណាច ដើម្បីបម្រើប្រយោជន៍​បុគ្គល និងបក្សពួក គ្រួសារ និងការពារសិទ្ធ​របស់ពលរដ្ឋ ពោល​​ពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូល​ នៃយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព​ របស់រាជរដ្ឋាភិបាល​ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

បន្ថែមពីនេះ ​ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដកស្រង់បទពិសោធន៍ល្អៗ បូកផ្សំជាមួយបទពិសោធន៍ ដែលធ្លាប់អនុវត្តក្នុងរយៈពេលកន្លងមក រួមទាំងចំណេះដឹង ជំនាញបច្ចេកទេសថ្មីៗ ដើម្បីបន្ត និងជំរុញការអនុវត្តការងារ ឲ្យរឹតតែប្រសើរឡើងថែមទៀត ប្រយោជន៍បម្រើ និងផ្តល់សេវាសាធារណៈ ជូនពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ផងដែរ៕​