(ភ្នំពេញ)៖ វិទ្យាស្ថានជាតិ «NIPTICT» នឹងសហការជាមួយក្រសួងចំនួន​០៦ រួមមាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងពាណិជ្ជកម្ម, និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកម្មវិធី Digital Cambodia 2019 ដែលនឹងត្រូវ​ចាប់ពីថ្ងៃទី​១៥ ដល់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ (៣ថ្ងៃ) នៅសាលពិព័រណ៍កោះពេជ្រ។

ជុំវិញពិព័រណ៍ឌីជីថលកម្ពុជា ប្រចាំឆ្នាំ២០១៩នេះ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ​បានរៀបចំសន្និសីទសារព័ត៌មាន​ ប្រកាសឲ្យបានដឹងចាសាធារណៈ ​នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ ដោយ​មានការចូលពីលោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក្រសួង ប.ទ.) និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាមូលនិធិស.អ. តំណាង​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង ប.ទ. និងជាប្រធានក្រុមប្រឹក្សាមូលនិធិ ស.អ. អមដោយលោក ជុន វ៉ាត អគ្គនាយកនៃអគ្គនាយដ្ឋានបច្ចេកវិទ្យាគមនាគមន៍ ​​និងព័ត៌មាន និងជាប្រធានលេខា​ធិការដ្ឋាន នៃក្រុមប្រឹក្សាមូលនិធិ ស.អ. លោក សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT និងជាសេនាធិការអនុវត្តគម្រោង ស.អ. តំណាងក្រុមហ៊ុន Smart Axiata និងតំណាងក្រុមហ៊ុន Viettel (Cambodia)។

លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា កម្មវិធី Digital Cambodia 2019 ជាកម្មវិធីឈានមុខប្រចាំឆ្នាំលើកទី១ របស់​កម្ពុជា ដែលមានគោលបំណងបង្កើត Platform ថ្នាក់ជាតិដើម្បី ១. បង្ហាញអំពីបរិយាកាស និង Ecosystem ប្រកបដោយអំណោយផល និងភាពទាក់ទាញសម្រាប់ការ វិនិយោគវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា, ២. បង្ហាញអំពីវឌ្ឍនភាពនៃការអភិវឌ្ឍ ក្របខណ្ឌគោលនយោបាយ និងគតិយុត្ត និងផលិតផល និងសេវាពាក់ព័ន្ធ នឹងបច្ចេកវិទ្យា-គមនាគមន៍និងព័ត៌មាន, ៣.​បញ្ជ្រាបអំពីសារៈសំខាន់ និងភាពមិនអាចខ្វះបាននៃវិស័យបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មានដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជននិងស្ត្រី ក្នុងន័យធ្វើឱ្យប្រសើរឡើង នៃការអប់រំសម្រាប់សិស្ស-និស្សិត និងជំនាញបច្ចេកទេស បង្កើនប្រសិទ្ធភាពការងារនិងផលិតភាព និងពង្រឹងភាពប្រកួតប្រជែង សហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យមរបស់កម្ពុជា លើឆាកតំបន់និងអន្តរជាតិ, ៤. កៀរគរគ្រប់តួអង្គពាក់ព័ន្ធ ក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា-គមនាគមន៍និងព័ត៌មាន រួមមាន ស្ថាប័នរាជរដ្ឋាភិបាល អ្នកវិនិយោគជាតិនិងអន្តរជាតិ អាជីវកម្មចាប់ផ្ដើមថ្មី (Startup) អ្នកវិជ្ជាជីវៈ និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ ព្រមទាំងសង្គមស៊ីវិល ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍ និងពិភាក្សាយោបល់ អំពីនិន្នាការថ្មីៗ ក៏ដូចជាអំពីបញ្ហាប្រឈមនានា លើវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ, ៥. ជំរុញអំពីសហគ្រិនភាព និងនវានុវត្តន៍ថ្មីៗ, និង៦. អភិវឌ្ឍបណ្តាញអាជីវកម្មរវាងអាជីវកម្ម ចាប់ផ្តើមថ្មី (Startup) ជាមួយសហគ្រាសធុនតូចបំផុត ធុនតូច និងមធ្យម។

លោកបន្តថា ដើម្បីឆ្លើយតបនឹងគោលនយោបាយ អភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ ​និងព័ត៌មាន ឆ្នាំ២០២០ និងក្របខណ្ឌផែនការ និងក្របខណ្ឌគតិយុត្តមួយចំនួនទៀត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រឹងប្រែងអនុវត្ត នូវផែនការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ទូទាំងផ្ទៃប្រទេសរួមទាំងការពង្រឹង នូវគុណភាពសេវាស្របតាមការវិវត្តន៍ របស់បច្ចេកវិទ្យាទំនើប, បានចូលរួមជំរុញការបណ្តុះបណ្តាល ធនធានមនុស្សជំនាញបច្ចេកទេស, ព្រមទាំងបានបង្កើតបទដ្ឋាន គតិយុត្តមួយចំនួន ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍ​ផ្នែកឌីជីថល។ អ្វីដែលសំខាន់នោះ គឺយើងបានបង្កើតយន្តការសហការ យ៉ាងស្អិតល្មួត ជាមួយវិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍវិស័យនេះ។

លោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានថ្លែងថា «Digital ​Cambodia 2019 នេះ មានសារៈសំខាន់យ៉ាងខ្លាំង ដល់ការជួយជំរុញកម្ពុជាឆ្ពោះ​ទៅកាន់ឧស្សាហកម្មជំនាន់ ៤ តាមរយៈ​ការពិភាក្សា និងចែករំលែកបទពិសោធន៍ ពីអ្នកជំនាញជាតិនិងអន្តរជាតិ ដើម្បីឈានទៅបង្កើតនូវបរិដ្ឋាន អំណោយផលសម្រាប់ការបំលាស់ប្តូរ ទៅកាន់ឌីជីថលនៅកម្ពុជា ដែលនឹងជះឥទ្ធិពលជាវិជ្ជមានដល់វិស័យសេដ្ឋកិច្ច និងសង្គមតាមរយៈការនាំមកនូវគំរូអាជីវកម្ម ដែលមានលក្ខណៈនវានុវត្តន៍ ការបង្កើនលទ្ធភាពប្រកួតប្រជែង និងការបង្កើតការងារកាន់តែច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ»

​Digital Cambodia 2019 នឹងមានការចូលរួម ពីរដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន តំណាងមកពី Regional ITU តំណាងមកពីលេខាធិការដ្ឋានអាស៊ាន ព្រមទាំងមានវាគ្មិនប្រមាណ ៧០ រូប។ កម្មវិធីនេះក៏មានការតាំងពិព័ណ៌ប្រមាណ​១៥០ ស្តង់ និងសង្ឃឹមថា នឹងមានអ្នកចូលរួមប្រមាណ ២០,​០០០ នាក់មកពីស្ថាប័នរាជរដ្ឋាភិបាល ប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន​ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា ធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី (startup) អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍។

សូមបញ្ជាក់ថា ព្រឹត្តការណ៍នេះ ប្រើប្រាស់កញ្ចប់ថវិកាមូលនិធិ ស.អ. ដែលជាចំណែកវិភាគទានធំទី១ បង់ដោយក្រុមហ៊ុន Smart Axiata និងចំណែកវិភាគទានធំទី២ បង់ដោយក្រុមហ៊ុន Viettel (Cambodia) ព្រមទាំងមានការឧបត្ថម្ភ ពីក្រុមហ៊ុន Huawei Technology (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុន មានការច្នៃប្រឌិតដ៏អស្ចារ្យ ក្នុងវិស័យបច្ចេកវិទ្យា និងចូលរួមចំណែកយ៉ាងសកម្ម ក្នុងឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា​ (ICT) នៅក្នុងប្រទេសកម្ពុជា និងដៃគូមួយចំនួនទៀត។ ព្រឹត្តិការណ៍នេះ ត្រូវបានសហការរៀបចំ ដោយក្រុមហ៊ុន Sabay Digital Corp. និងក្រុមហ៊ុន Two Way Public Relations​៕