(ភ្នំពេញ)៖ ​ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា អនុប្រធានកិត្តិយសអនុសាខាកាក​បាទក្រហមខណ្ឌ តំណាងលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌ​ឫស្សីកែវ បានបន្តចុះ​សួរ​សុខ​ទុក្ខ​ ប្រជាពលរដ្ឋក្រីក្រចំនួន៥គ្រួសារ និងបានយក​គ្រឿងឧបភោគបរិភោគ និងថវិកាមួយ​ចំនួន ដើម្បីមក​ឧបត្ថម្ភជូនក្នុងការជួយសម្រាលនូវការខ្វះខាតផ្សេ​ងៗ​។

សកម្មភាពមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនេះ​ បាន​ធ្វើនៅរសៀលថ្ងៃ​ទី១៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ជម្រាបទៅកាន់ប្រជាពលរដ្ឋក្នុងសកម្មភាព​ខាងលើនេះ លោកស្រី អាន ផល្លា បានថ្លែងថា អំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលក្រុមការងារអនុសា​ខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំយកមកឧបត្ថម្ភជូន ជំនួសមុខឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា។

អំណោយទាំងនេះ គឺ​សម្រាប់ចែកជូនចំពោះ​តែបងប្អូនប្រជាពលរដ្ឋ​ក្រីក្រ ដូចជាជនគ្មានទីពឹង ជនចាស់ជរា អ្នកកើតជំងឺរ៉ាំរៃផ្សេងៗ «ពោលគឺជាជនងាយរងគ្រោះ» ទៅតាមលទ្ធភាពដែលអាចធ្វើទៅបានតែប៉ុណ្ណោះ ដោយមិនប្រកាន់ពូជសាស ពណ៌សម្បុរ ឫនិន្នា​ការនយោបាយឡើយ តាមរយៈអាជ្ញាធរខណ្ឌ រហូតមកដល់​សង្កាត់ និងភូមិ ពីព្រោះសុខទុករបស់ប្រជាពលរដ្ឋកម្ពុជា គឺជា​សុខទុករបស់លោកទាំងទ្វេ​៕​​