(ភ្នំពេញ)​៖​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ តំណាង​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃ​កម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ បានផ្តល់ភ្លើងបូជាសព​ នាយឧត្តមសេនីយ៍ កុយ​ ប៊ុនថា​ អតីត​រដ្ឋមន្រ្តីការពារប្រទេស​ និងអតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ និង​អតីតយុទ្ធជន ​ដែលបានទទួលមរណភាព កាលនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦៧ឆ្នាំ​ ដោយរោគាពាធ​។​

ស្ថិតក្នុងវេលាដ៏សែនសោកសង្រេងនេះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន,​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ​និងចាត់ទុកមរណភាពរបស់ នាយឧត្តមសេនីយ៍ កុយ​ ប៊ុនថា គឺជាការបាត់បង់យុទ្ធមិត្ត រួមសមរភូមិប្រយុទ្ធហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ លះបង់អាយុជីវិត ដើម្បីជាតិមាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល គ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ កុយ​ ប៊ុនថា ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕