(ភ្នំពេញ)៖​ សាកលវិទ្យាល័យឯកទេស ​នៃកម្ពុជា CUS ទីតាំងស្ទឹងមានជ័យ បានរៀបចំពិធីជួបជុំរវាងនិស្សិត CUS ជាមួយ​និស្សិតមកពីសាកលវិទ្យាល័យ Guangxi University of Foreign Languages ប្រទេសចិន ប្រមាណ២០០នាក់​។​

ក្នុងពិធីដែលធ្វើនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមវត្តមានរបស់លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង, លោកសាស្ត្រាចារ្យ Shu Quogiang, Presentative of Students in Cambodia កញ្ញា Li Guofang និងកញ្ញា Wei Yugiao សាស្រ្តាចារ្យសាកលវិទ្យាល័យ Guangxi University of Foreign Languages ប្រទេសចិន។

លោកបណ្ឌិត សឿ យ៉ាន បានស្វាគមន៍វត្តមាន នៃប្រតិភូនិស្សិតមកពីសាកលវិទ្យាល័យ Guangxi University of Foreign Languages ដែលបានអញ្ជើញមកទស្សនកិច្ច​សិក្សា នៅសាកលវិទ្យាល័យ CUS នាពេលនេះ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ នៃការសិក្សារវាងនិស្សិត នៃសាកលវិទ្យាល័យទាំងពីរដែលកម្មវិធីនេះត្រូវបានធ្វើជារៀងរាល់ឆ្នាំ។

លោកបណ្ឌិត បានបន្តថាការជួបផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងនិស្សិត និងនិស្សិត រវាងសាស្ត្រាចារ្យ និងសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យទាំងពីរ និងជួយផ្តល់ជាគំនិត និងមូលដ្ឋានគ្រឹះសំខាន់ៗ សម្រាប់និស្សិត CUS អាចកំណត់ទិសដៅសម្រាប់ដើរនៅពេលដែលពួកគេបាននិងកំពុងធ្វើការសិក្សាស្រាវជ្រាវ។ ជាមួយនេះនិស្សិត ក៏ត្រូវបង្កើនសមត្ថភាពក្នុងការសិក្សាឲ្យបានពូកែ និងប្រកបដោយសមត្ថភាពខ្ពស់ផងដែរ។

លោកសាកលវិទ្យាធិការរងរូបនេះ ក៏បានជំរុញឲ្យ​ប្អូនៗនិស្សិតជាមួយ ការសិក្សាជំនាញមួយហើយ ក៏ត្រូវតែមានជំនាញភាសាមួយបន្ថែមទៀត ព្រោះយើងមានសមត្ថភាព ហើយតែបើយើងខ្វះភាសាក៏មិនអាចប្រកួតប្រជែងទីផ្សារការងារបានល្អដែរ និងម្យ៉ាងទៀតបើយើងមិនចេះភាសាបរទេសទេ យើងមានការលំបាក ក្នុងការស្វែងរកការសិក្សាបន្តនៅក្រៅប្រទេស។

ជាមួយគ្នានេះ ​សាស្រ្តាចារ្យ Li Guofang, Professor of Guangxi University of Foreign Languages បានធ្វើបទឧទ្ទេសនាម ពីប្រវត្តិរបស់សាកលវិទ្យាល័យ Guangxi University of Foreign Languages និងចំណុចប្រសព្វរវាងកម្មវិធីសិក្សា និងសាកលវិទ្យាល័យទាំងពីរ ថែមទាំងចែករំលែកនូវបទពិសោធន៍ល្អៗ អំពីប្រទេសចិនទាក់ទងទៅនឹងការបណ្តុះបណ្តាលផងដែរ ថែមទាំងសន្យាពង្រឹងទំនាក់ទំនងជាមួយ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ក្នុ​ងការផ្លាស់ប្តូរ បទពិសោធន៍ រវាងសាកលវិទ្យាល័យទាំងពីរ ព្រមទាំងបង្កើតនូវកម្មវិធីមួយចំនួនទៀត ប្រហាក់ប្រហែលទៅនឹងកម្មវិធីផ្លាស់ប្តូរការសិក្សា (Exchange Program) ដែលមានដូចជាកម្មវិធីអញ្ជើញគណៈគ្រប់គ្រង សាស្ត្រាចារ្យ និងនិស្សិត របស់សាកលវិទ្យាល័យ CUS ទៅធ្វើទស្សនកិច្ចសិក្សា នៅសាកលវិទ្យាល័យ Guangxi University of Foreign Languages ប្រទេសចិននាពេលថ្មីៗនេះ។

CU​S ជាសាកលវិទ្យាល័យធំមួយ ក្នុងចំណោមសាកលវិទ្យាល័យធំៗ​នៅកម្ពុជា ដែលមានទីតាំង និងសាខាច្រើនដែលមាន២ទីតាំង នៅរាជធានីភ្នំពេញ និងសាខាខេត្តចំនួន៦ រួមមាន ខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត ព្រមទាំងបាននិងកំពុងមានការនិយមខ្ពស់ ពីសំណាក់អ្នកសិក្សា។

កន្លងមកសាកលវិទ្យាល័យ បានធ្វើកិច្ចសហប្រតិបត្តិការ និងបានចុះអនុស្សារណៈយោគយល់ ជាមួយសាកលវិទ្យាល័យ និងស្ថាប័នបរទេសសរុបចំនួន៥២ មកពីប្រទេសចិនចំនួន១១, កូរ៉េខាងត្បូង​ចំនួន១៤, ជប៉ុនចំនួន១, ថៃចំនួន៧, អង់គ្លេសចំនួន១, ហ្វីលីពីនចំនួន១២, បង់ក្លាដេស​ចំនួន១, ម៉ាឡេស៊ីចំនួន១, ឥណ្ឌាចំនួន២, អាឡឺម៉ង់ចំនួន១, វៀតណាមចំនួន១ និងអ៊ីស្រាអែលចំនួន១។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ សាកលវិទ្យាល័យ បានបញ្ជូននិស្សិត ទៅសិក្សានៅក្រៅប្រទេស ព្រមទាំងបានទទួលនិស្សិតបរទេស មកផ្លាស់ប្តូរការសិក្សា ជាមួយ​និស្សិត CUS ផងដែរ។ ជាក់ស្តែងថ្ងៃនេះ CUS បានស្វែងរកកិច្ចសហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យ Guangxi University of Foreign Languages ប្រទេសចិនដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ នៃការសិក្សាពីគ្នាទៅវិញទៅមក។

ជាការពិតសមិទ្ធិផល ដែលសាកលវិទ្យាល័យសម្រេច បានមកដោយសារការខិតខំប្រឹងប្រែងរួមគ្នា របស់គណៈគ្រប់គ្រង បុគ្គលិក និងសាស្ដ្រាចារ្យ ដោយមានការគាំទ្រយ៉ាងសកម្ម ពីសំណាក់សប្បុរសជន អាណាព្យាបាល និស្សិត ក្រុមហ៊ុន និងអង្គភាព-ស្ថាប័ន ដៃគូសហប្រតិបត្តិការទាំងអស់របស់ខ្លួន។ ជាងនេះទៅទៀត កម្ពុជាក្រោមការដឹកនាំ និងយុទ្ធសាស្ត្រ​ឈ្នះឈ្នះរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ​កម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាពពេញលេញប្រកប ដោយស្ថិរភាពនយោបាយ សេដ្ឋកិច្ចមានការរីកដុះដាល និងមានការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ជាងនេះទៅទៀត គឺបន្តរក្សាចំណងមិត្តភាពកម្ពុជា-ចិន រវាងរាជ​រដ្ឋាភិបាល និងរាជរដ្ឋាភិបាល ក៏ដូចជារវាងប្រជាជាតិ និងប្រជាជាតិឲ្យបានកាន់តែល្អប្រសើរ និងស្និទ្ធស្នាលបន្ថែមទៀត៕