(ភ្នំពេញ)៖​ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្មីៗនេះបានចេញនូវអនុក្រឹត្យ លើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ។ ជាមួយនឹងការចេញអនុក្រឹត្យលើកទឹកចិត្តពន្ធដារ របស់រាជរដ្ឋាភិបាលនេះ ត្រូវបានលោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមថា នឹងកៀរគរអ្នកវិនិយោគពីបណ្ដាក្រុមហ៊ុនផ្សេងៗ ចូលក្នុងវិស័យនេះកាន់តែច្រើន។

ការលើកឡើងបែបនេះ របស់លោក ស៊ូ សុជាតិ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជីក្រោមប្រធានបទ «យុទ្ធសាស្ត្រគ្រប់គ្រងអាជីវកម្មប្រកបដោយចីរភាព» ដែលរៀបចំឡើងនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨។

លោក ស៊ូ សុជាតិ ឲ្យដឹងថា​ «ខ្ញុំពិតជាមានសុទិដ្ឋិនិយមចំពោះអនុក្រឹត្យ លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ព្រោះថា ជាពេលវេលាផ្ដល់ឱកាសវិនិយោគិន ដែលសល់ទឹកប្រាក់អាចសម្លឹងមកវិនិយោគ លើវិស័យមូលបត្រកម្ពុជា ល្អជាងការទុកសាច់ប្រាក់ចោលនៅក្នុងធនាគារ»

លោកបន្ដថា នេះជាដំណឹងល្អបំផុតពីរាជរដ្ឋាភិបាលកម្ពុជា ដោយបានអនុម័តអនុក្រឹត្យលើកទឹកចិត្តពន្ធដារ ដោយអនុក្រឹត្យនេះ បន្ដលើកទឹកចិត្តបន្ថែមលើពន្ធប្រាក់ចំណូល ដោយបន្ថយពន្ធនេះរយៈពេល៣ឆ្នាំ ចំនួន៥០ភាគរយបន្ដជាមួយក្រុមហ៊ុន ដែលមកចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា ​ដោយចាប់គិតពីឆ្នាំ២០១៩នេះតទៅ ដោយឡែកសម្រាប់ការមកចុះបញ្ជីមិនទាន់ នូវរយៈពេលកំណត់នោះទេ គឺពួកគាត់មិនទទួលបានការលើកទឹកចិត្តនេះទេ។

លោកឲ្យដឹងទៀតថា ដើម្បីកុំឲ្យក្រុមហ៊ុនខកខាន ការចូលក្នុងវិស័យមូលបត្រ ក្នុងពេលដែលពួកគេកំពុងតែទទួលបាន ការលើកទឹកចិត្តក្នុងរយៈពេល៣ឆ្នាំនេះ គណៈកម្មាការមូលបត្រនឹងខិតខំជំរុញ ឲ្យក្រុមហ៊ុនពិនិត្យមើលសក្ដានុពល ដើម្បីដើរលើវិស័យនេះ។

លោកថា បន្ថែមពីលើការលើទឹកចិត្តបន្ថយពន្ធ នៃប្រាកចំណូល៥០ភាគរយនេះ ក្នុងអនុក្រឹត្យនោះក៏បានផ្ដល់ការលើកទឹកចិត្ត ចំពោះក្រុមហ៊ុនទាំងឡាយដែល មានបញ្ហាពន្ធមួយចំនួនផងដែរ៕