(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បានចុះពិនិត្យជនជាតិចិនជាង៥០នាក់ ​នៅទីតាំងផ្ទះលេខ១១អា ផ្លូវ៥៦៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធការកាន់កាប់លិខិតឆ្លងដែន និងប័ណ្ណការងារ។

​យោងតាមរបាយការណ៍របស់មន្រ្តីនគរបាលអន្តោប្រវេសន៍ បានបញ្ជាក់ថា ​នៅវេលាម៉ោង០២៖៣០នាទី រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រុមប្រតិបត្តិការចម្រុះដឹកនាំដោយលោក លី សុផាន់ណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន​ បានចុះពិនិត្យជនជាតិចិន៥៤នាក់។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់បានជនសង្ស័យជាជនជាតិចិនចំនួន៥៤នាក់ ស្រី១១នាក់ និងសម្ភារប្រព្រឹត្តបទល្មើសរួមមាន៖ កុំព្យូទ័រ ទូរសព្ទ ឯកសារ និងឧបករណ៍ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសមួយចំនួន។

ក្រោយការចាប់ខ្លួន ជនជាតិចិន និងសម្ភារទាំងនោះត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៀត៕