(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការតាមដានព័ត៌មានបានគ្រប់ជ្រុងជ្រោយ ជៀសវាងការភាន់ច្រឡំ និងការចែករំលែកព័ត៌មានប្រកបដោយខ្វះការពិចារណា ដើម្បីកុំឲ្យព័ត៌មានមិនពិតកាន់ផ្ទុះឡើងធំ នាំឲ្យប៉ះពាល់ដល់សង្គម។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានជុំរុញដល់ប្រព័ន្ធផ្សព្វផ្សាយ ឲ្យជួយប្រយុទ្ធប្រឆំាងព័ត៌មានមិនពិត នៅក្នុងសង្គម ដើម្បីទប់ស្កាត់កុំឲ្យព័ត៌មានមិនពិតនេះ បង្កចលនា និងបង្កអសន្តិសុខក្នុងសង្គម។

លោក ខៀវ កាញារីទ្ធ បានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយ ពិសេសតាមបណ្តាញទំនាក់ទំនងសង្គម ត្រូវធ្វើការឆ្លើយតប ទៅនឹងព័ត៌មាន មិនពិតឲ្យបានឆាប់រហ័ស និងគ្រប់ជ្រុងជ្រោយ ដើម្បីកុំឲ្យសាធារណៈជនមួយចំនួន មានការភាន់ច្រឡំ។

នៅក្នុងឱកាស នៃកិច្ចប្រជុំប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានថ្លែងទៀតថា «ក្នុងរយៈពេលកន្លងទៅនេះ ព័ត៌មានមិនពិតកាន់តែមានច្រើន ពិសេសបានផ្សព្វផ្សាយក្នុងបណ្តាញប្រព័ន្ធសង្គម នាំឲ្យសាធារណៈជនមួយចំនួន ដែលមិនបានធ្វើការតាមដាន និងពិនិត្យព័ត៌មាន គ្រប់ជ្រុងជ្រោយ បានមានការភាន់ច្រឡំ ហើយចោទប្រកាន់មកលើរាជរដ្ឋាភិបាល។ ដូច្នេះ គ្រប់ផ្នែក គ្រប់ជំនាញទាំងអស់ នៃក្រសួងព័ត៌មាន ត្រូវធ្វើការតាមដានក្រុម ដែលតែងតែបំផុសផ្សព្វផ្សាយព័ត៌មានមិនពិត ហើយត្រូវធ្វើការបកស្រាយ ឬជូនដំណឹង ទៅមន្ត្រីជំនាញពាក់ព័ន្ធ ពីបញ្ហាអ្វីមួយ ដោយមានការឆ្លើយតបទៅវិញឲ្យបានឆាប់រហ័សនៅរឿងមិនពិត»

ការជំរុញឲ្យអ្នកសារព័ត៌មាន និងស្ថាប័បផ្សព្វផ្សាយជួយបង្សាបព័ត៌មានមិនពិតនេះ គឺអនុវត្តឲ្យស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែល បានលើកឡើងកាលពីជំនួបជាមួយអ្នកសារព័ត៌មាន ដើម្បីការឆ្លើយតបទៅនឹងព័ត៌មានមិនពិត គឺត្រូវបង្ហាញការពិតឲ្យដឹងវិញ ឲ្យបានលឿន និងការពិតជាក់ស្ដែងកុំឱ្យមានការយល់ច្រឡំបន្តទៀត។ នេះជាការជំរុញបន្ថែមរបស់លោករដ្ឋមន្រ្តី។

នៅចំពោះមុខអ្នកសារព័ត៌មានជិត៥០០០នាក់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងយ៉ាងដូច្នេះ៖ «សុំអ្នកសារព័ត៌មានទាំងអស់ និងស្ថាប័នព័ត៌មានទាំងអស់ចូលរួមចំណែក ប្រយុទ្ធជាមួយនឹងព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងក្លាយនោះវាច្រើនណាស់នៅស្រុកខ្មែរនេះអរ [...] ទាក់ទងនឹងខ្លួនខ្ញុំមិនថាប៉ុន្មានទេស្រាប់ តែបើកទៅឃើញលោក ហ៊ុន សែន ទើបនឹងស្លាប់មុនហ្នឹងបន្តិច​សូមចូលរួមមរណៈទុក្ខផងវាទៅជាអញ្ចឹងទៅ»។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បន្តថា ដើម្បីចូលរួមចំណែកនៅក្នុងការបំផ្លាញចោលនូវព័ត៌មានក្លែងក្លាយ តើអ្នកសារព័ត៌មានត្រឹមត្រូវរបស់យើងតើគួរត្រូវធ្វើអី? គឺផ្សាយព័ត៌មានពិតចេញមក ដូច្នេះព័ត៌មានក្លែងក្លាយនឹងបាត់ដោយខ្លួនឯងផងដែរ។ ជាមួយគ្នានេះដែរសម្តេចក៏មានប្រសាសន៍ជំរុញឱ្យអ្នកសារព័ត៌មានកម្ពុជាទាំងអស់ត្រូវមានវិជ្ជាជីវៈ ឱ្យបានត្រឹមត្រូវ មិននិយាយបំភ្លីស ញុះញង់ បង្កជម្លោះ ចំណុចនេះជាចំណុចដែលអ្នកសារព័ត៌មានត្រូវតែគិត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា វិធីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលមានប្រសិទ្ធភាពបំផុត គឺនាំគ្នាផ្សាយព័ត៌មានជូនសាធារណជនទាំងឡាយឱ្យបានដឹង ដូច្នេះព័ត៌មានក្លែងក្លាយដែរជាមេរោគបំពុលសង្គមកម្ពុជាកន្លងមក នឹងបាត់ដោយឯកឯងជាក់ជាមិនខាន។ អ្នកព័ត៌មានទាំងអស់ គឺមានមធ្យោបាយនៅក្នុងដៃទាំងអស់​ប៉ុន្តែយើងមិនទាន់ចេះប្រើមធ្យោបាយ ដែលអ្នកព័ត៌មានទាំងអស់មានបញ្ចេញមក ដើម្បីវ៉ៃបកចំពោះព័ត៌មានក្លែងក្លាយនោះនៅឡើយទេ៕